ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ព្រមានពីការឆ្លើយតបដ៏សាហាវ បើអ៊ីស្រាអែលវាយប្រហារលើខ្លួន

 ប្រភព៖ CNN

តេហេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមាននៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលនឹងទទួលបានការឆ្លើយតបដ៏សាហាវ ប្រសិនបើប្រទេសនេះបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់។

ការព្រមាននេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទូរទស្សន៍ CNN បានរាយការណ៍ពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Alimohammad Naini មេបញ្ជាការម្នាក់នៃកងឆ្មាំបដិវត្តន៍ បាននិយាយថា «ពួកគេ (អ៊ីស្រាអែល) កំពុងព្យាយាមបំភិតបំភ័យយើងជាមួយនឹងសង្គ្រាម ប៉ុន្តែកំពុងគណនាខុស ដោយសារពួកគេមិនបានដឹងអំពីការគាំទ្រដ៏ធំធេងពីប្រជាជន និងយោធា ដែលសាធារណរដ្ឋឥស្លាមអាចប្រមូលបានក្នុងលក្ខខណ្ឌសង្គ្រាម»

របាយការណ៍របស់ CNN ដោយដកស្រង់មន្ត្រីចារកម្មអាមេរិក បានបន្ថែមថា គេមិនទាន់ច្បាស់ទេថាតើមេដឹកនាំអ៊ីស្រាអែលបានធ្វើការសម្រេចចិត្តចុងក្រោយលើសកម្មភាពយោធាឬនៅ ហើយក៏មានការខ្វែងគំនិតគ្នានៅក្នុងរដ្ឋាភិបាលអាមេរិកផងដែរ ថាតើអ៊ីស្រាអែលនឹងសម្រេចចិត្តវាយប្រហារឬយ៉ាងណា។

អ្នកការទូតបានលើកឡើងថា ការដួលរលំនៃកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ ឬកិច្ចព្រមព្រៀងថ្មីណាមួយដែលមិនអាចបន្ធូរបន្ថយការព្រួយបារម្ភរបស់អ៊ីស្រាអែល អាចនឹងជំរុញឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែល។ កាលពីថ្ងៃអង្គារ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានហៅការទាមទាររបស់អាមេរិកឲ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមថា «ហួសហេតុ» ហើយបានបង្ហាញការសង្ស័យពីភាពជោគជ័យនៃកិច្ចចរចា។ អ៊ីរ៉ង់អះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕



Powered by Blogger.