តុលាការថៃ បញ្ជាឲ្យអតីតនាយកមន្ត្រី យីងឡាក់ សងជំងឺចិត្ត ៣០៥លានដុល្លារ រឿងគម្រោងស្រូវ
ប្រភព៖ Reuters
បាងកក៖ តុលាការថៃ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា បានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងនិរទេសខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បង់ប្រាក់សំណងចំនួន ១០ពាន់លានបាត ប្រហែល ៣០៥លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងគម្រោងទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី ដែលនាំឲ្យលោកស្រីត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំពីបទធ្វេសប្រហែសក្នុងឆ្នាំ ២០១៧។
សាលក្រមនេះកើតឡើង
តិចជាងពីរឆ្នាំបន្ទាប់ពីគណបក្សភឿថៃរបស់គ្រួសារលោកស្រី
បានត្រឡប់មកដឹកនាំរដ្ឋាភិបាលវិញ ដែលបច្ចុប្បន្នដឹកនាំដោយនាយករដ្ឋមន្ត្រី ផែទងថាន
ស៊ីណាវ៉ាត្រា ក្មួយស្រីរបស់លោកស្រី ហើយស្របពេលដែលបងប្រុសរបស់លោកស្រី គឺលោក
ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានវិលត្រឡប់មកប្រទេសវិញដែរ ក្រោយនិរទេសខ្លួន ១៥ឆ្នាំ។
គ្រួសារស៊ីណាវ៉ាត្រា តែងតែបដិសេធរាល់ការចោទប្រកាន់ និងអះអាងថា
ពួកគេជាជនរងគ្រោះនៃការសងសឹកផ្នែកនយោបាយ។
សំណុំរឿងគម្រោងស្រូវនេះ
គឺជាផ្នែកមួយនៃជម្លោះនយោបាយដ៏យូរអង្វែងនៅក្នុងប្រទេសថៃ
ដែលពាក់ព័ន្ធនឹងឥស្សរជននយោបាយដ៏មានឥទ្ធិពល និងស្ថាប័នអភិរក្សនិយម។
សេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ
ធ្វើឡើងបន្ទាប់ពីការប្តឹងឧទ្ធរណ៍របស់លោកស្រី យីងឡាក់
ប្រឆាំងនឹងដីកាពីមុនដែលតម្រូវឲ្យលោកស្រីបង់ប្រាក់ ៣៥ពាន់លានបាត (ដែលស្មើនឹង
១.០៧ពាន់លានដុល្លារ) ទៅឲ្យក្រសួងហិរញ្ញវត្ថុ។ តុលាការកំពូលបានរកឃើញថា លោកស្រី «បានបំពេញមុខងារដោយការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឲ្យខូចខាតដល់រដ្ឋ»
ប៉ុន្តែបានសម្រេចថា
ដីកាពីមុននោះលើសពីកម្រិតនៃការទទួលខុសត្រូវរបស់លោកស្រី។
លោកស្រី យីងឡាក់
ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា
ទាំងបួនរូបដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស
ដើម្បីគេចពីការជាប់ពន្ធនាគារ
ដោយសារការបរាជ័យក្នុងការទប់ស្កាត់អំពើពុករលួយក្នុងគម្រោងស្រូវ ដែលបានបង់ថ្លៃស្រូវឲ្យកសិករខ្ពស់ជាងតម្លៃទីផ្សារដល់ទៅ
៥០% និងធ្វើឲ្យរដ្ឋខាតបង់យ៉ាងធ្ងន់ធ្ងរ។ លោកស្រី យីងឡាក់ អាយុ ៥៧ឆ្នាំ
បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១១
ហើយត្រូវបានទម្លាក់ពីតំណែងប៉ុន្មានថ្ងៃមុនរដ្ឋប្រហារឆ្នាំ ២០១៤។
លោកស្រី យីងឡាក់
បានមានប្រសាសន៍តាមរយៈបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា ដីកាបង្គាប់ឲ្យបង់ប្រាក់
១០ពាន់លានបាតនេះ គឺហួសហេតុពេកហើយ។ លោកស្រីបានសរសេរថា «ទោះបីជាខ្ញុំសងវាពេញមួយជីវិតរបស់ខ្ញុំក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដែរ...
ខ្ញុំនឹងបន្តទាមទារ និងតស៊ូដើម្បីយុត្តិធម៌»៕

Post a Comment