អនុប្រធាន គ.ជ.ប អំពាវនាវឱ្យពលរដ្ឋអញ្ជើញរួសរាន់ទៅចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រញាប់រួសរាន់ទៅចុះឈ្មោះបោះឆ្មោត និងអ្នកដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើង ត្រូវទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ លើរូបថត និងខ្ចៅដៃឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា វេលាម៉ោង៥:៣០នាទីល្ងាច ខាងមុខនេះហើយ។
ការអំពាវនាវបែបនេះបានធ្វើឡើង ក្នុងឱកាសលោក ជឺ
ចំណាន បានអញ្ជើញចុះត្រួតពិនិត្យ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោត នៅតាមបណ្ដាការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងឃុំ សង្កាត់
នៃស្រុក ក្រុងមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
លោក ជឺ ចំណាន បានមានប្រសាសន៍ថា
ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
នេះបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូន ។
លោកបានបន្តថា ការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៥
គឺអនុញ្ញាតឱ្យអ្នកមានឈ្មោះក្នុងបញ្ជីសុំផ្លាស់ប្តូរទីលំនៅ ឬសុំកែតម្រូវទិន្នន័យ
ក្នុងករណីមានកំហុសឆ្គង ធ្វើបច្ចុប្បន្នលើរូបថត និងស្នាមខ្ចៅដៃ
ក្នុងករណីបានចុះឈ្មោះឆ្នាំ២០១៦ និងចុះឈ្មោះថ្មី
ចំពោះអ្នកមិនទាន់បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំ។
ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ
ត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត នៅតាមឃុំ
សង្កាត់ដែលខ្លួនកំពុងរស់នៅ ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពទៅបង្ហាញ
ដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត។
ដោយឡែក
ចំពោះអ្នកដែលត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថតនិងខ្ចៅដៃថ្មី
គឺត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព
ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ដែលបានប្រើពេលចុះឈ្មោះបោះឆ្នោតពីមុន
ដោយមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃ
បញ្ជាក់ការចុះឈ្មោះបោះឆ្នោត ប្រសិនបើមាន៕

Post a Comment