ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃមានទឹកប្រាក់ជាង២៤៤ លានដុល្លារ ក្នុងរយៈពេល៤ខែ ឆ្នាំនេះ

ភ្នំពេញ៖ ក្នុងរយៈពេល៤ ខែ ដើមឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ មានចំនួនជាង ២៤៤ លានដុល្លារសហរដ្ឋ អាមេរិក ហើយចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការឱ្យដឹងពីឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា

នៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៦ ឆ្នាំ២០២៥ រៀបចំដោយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នេះ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានលើកឡើងថា តាមរយៈការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍កម្រិតអន្តរជាតិ ដោយប្រយោល និងដោយផ្ទាល់នេះ សមាគមបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ជំរុញលើកកម្ពស់ និងការតាំងបង្ហាញផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា នៅលើឆាកអន្តរជាតិ បង្កើតឱកាសក្នុង ការផូផ្គង រវាងធុរជនក្នុងនិងក្រៅប្រទេស ជំរុញអភិវឌ្ឍន៍ និងនវានុវត្ត ឧស្សាហកម្មផលិតគ្រឿងអលង្ការ និងកែច្នៃត្បូង ព្រមទាំងផ្សព្វ ផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគលើវិស័យនេះនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ សម្រេច បានជាង ៧៨៨ លានដុល្លារ ថមថយប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២៣។ ចំណែកនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះ ទំហំ ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ មានទឹកប្រាក់ជាង ២៤៤ លានដុល្លារ។ ចំនួននេះនៅកម្រិតនៅឡើយ ដែលជាកម្មវត្ថុ និងជាវិញ្ញាសារតម្រូវឱ្យសមាគម ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធខិតខំបន្ថែមទៀត តែទោះបីយ៉ាងណានៅក្នុងឆ្នាំនេះ ក៏កម្ពុជា រំពឹងថា និងមានកំណើនល្អ ខណៈសមាគម ក៏ដូចជា គីពាក់ព័ន្ធបានកំពុងយកចិត្តទុកដាក់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា ពាក់ព័ន្ធការដោះដូរពាណិជ្ជកម្មនេះ នៅក្នុងឆ្នាំ២០២៤ កន្លងមក ការធ្វើពាណិជ្ជកម្មទៅ កាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា សម្រេចបានប្រមាណ ៥៥.៣៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះការនាំចេញមានចំនួនប្រមាណ ២៦.៦៦ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៣.៦១% ធៀបនឹងឆ្នាំ២០២៣។ ចំណែកទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តា ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួនប្រមាណ ៣៤,៥២ ប៊ីលានដុល្លារ អាមេរិក។ ចំណែកទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា មានចំណែកប្រមាណ ៦២,៣៤% នៃទំហំពាណិជ្ជកម្ម សរុបរបស់កម្ពុជា ដែលក្នុងនោះទីផ្សារសំខាន់ៗដែលទ្រទ្រង់នៃការនាំចេញរបស់កម្ពុជារួមមាន៖ ទីផ្សារអាស៊ាន ចិន (រួមទាំងហុងកុង) សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស អូស្ត្រាលី នូវែល ហ្សេឡង់ និងអេមីកកការ៉ាប់រួមជាដើម៕



Powered by Blogger.