ខេត្តមណ្ឌលគិរី ធ្វើជាម្ចាស់ផ្ទះ សន្និបាតបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រវាងខេត្តដាក់ណុង ឆ្នាំ២០២២-បច្ចុប្បន្ន
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ សន្និបាតបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រវាងរដ្ឋបាលខេត្តមណ្ឌលគិរី កម្ពុជា និងខេត្តដាក់ណុង វៀតណាម ឆ្នាំ២០២២-បច្ចុប្បន្ន និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហោ វ៉ាន់មើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងជាប្រធាន ប្រតិភូខេត្តដាក់ណុង រួមទាំងលោក មេបញ្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ នៃភាគីទាំងពីរជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវ ការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីក្នុងការ សហការអនុវត្តការងារ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងការងារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ក្នុងគោលបំណង ដើម្បីធ្វើការពិភាក្សា និងត្រួតពិនិត្យឡើងវិញ ការងារអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរយៈពេលកន្លងមក ចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន និងលើកទិសដៅការងារអនុវត្តបន្ត រួមគ្នានាពេលខាងមុខ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការធិការប្រជាជន ខេត្តដាក់ណុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម គូសបញ្ជាក់ របាយការណ៍សង្ខេបអំពីកិច្ចការងារ ដែលភាគីខេត្តទាំងពីរ ដែលបានឯកភាពលើកឡើង ដើម្បីចូលរួមសហការគ្នាអនុវត្ត រួមមាន ៖ ១. កិច្ចសហប្រតិបត្តិការលើការងារកសាង និងតម្លើងកម្រិតច្រកទ្វារព្រំដែន ២. កិច្ចសហប្រតិបត្តិការលើការងារវិនិយោគ និងពាណិជ្ជកម្ម ៣. កិច្ចសហប្រតិបត្តិការលើការងារកសិកម្ម និងកសិ-ឧស្សាហកម្ម ៤. កិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងធនធានធម្មជាតិ និងការពារបរិស្ថាន ៥. កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ និងទេសចរណ៍ ៦. កិច្ចសហប្រតិបត្តិការលើការងារសុខាភិបាល ៧. កិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងប្រជាពលរដ្ឋ ៨. កិច្ចសហប្រតិបត្តិការលើការងារអប់រំ និងបណ្តុះបណ្តាល ៩. កិច្ចសហប្រតិបត្តិការលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន ១០. កិច្ចសហប្រតិបត្តិការលើការងារសម្របសម្រួលដោះស្រាយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ១១. កិច្ចសហប្រតិបត្តិការលើការងារជួយឧបត្ថម្ភគាំទ្រសុខុមាលភាពសង្គម និងជំងឺឆ្លង។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា កិច្ចប្រតិបត្តិការទាំងនេះ ភាគីទាំងពីរបានឯកភាពដាក់ចេញដើម្បីរួមគ្នាអនុវត្ត សំដៅពង្រឹង ពង្រីកចំណង កិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យរបស់ភាគីទាំងពីរ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តទាំងពីរឱ្យបានកាន់តែមានការរីកចម្រើន និងការ អភិវឌ្ឍបន្ថែមទៀត។
ឯកឧត្តម ហោ វ៉ាន់មើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង វៀតណាម បានឯកភាពលើរបាយការណ៍កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រវាងរដ្ឋបាលខេត្តមណ្ឌលគិរី កម្ពុជា និងខេត្តដាក់ណុង វៀតណាម នាពេលកន្លងមក។ ឯកឧត្តម បញ្ជាក់ថា ភាគីទាំងពីរ នូវរក្សាបាននូវចំណងទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនានាឲ្យគ្នា ទៅវិញទៅមកអំពីសភាពការណ៍ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការ ផ្លាស់ប្តូរ គណៈប្រតិភូថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ អង្គភាព ទៅវិញទៅមក ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា ឯកភាពគ្នាក្នុងការ ស្វែងរកដំណោះស្រាយ រាល់បញ្ហាប្រឈមពាក់ព័ន្ធ និងបង្កលក្ខណៈងាយស្រួល រវាងខេត្តយើង ទាំងពីរ ដើម្បីអនុវត្តឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការ ដូចមានចែង ក្នុងកំណត់ហេតុ ដែលបានចុះហត្ថលេខា នាពេលកន្លងមក និងជំរុញរាល់ សកម្មភាព កិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ការងារផ្សេងៗ ទៅតាមមន្ទីរ អង្គភាព និងស្ថាប័នជំនាញរៀងៗខ្លួន៕







Post a Comment