ប្រជាពលរដ្ឋរស់នៅប្រជុំជនស្រុកពេជ្រាដាសាទរ ក្រោយទទួលបានផ្លូវបេតុងតភ្ជាប់ពីទីរួមស្រុកឆ្ពោះទៅភ្នំណាំលៀ និងព្រំដែន
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅប្រជុំជនស្រុកពេជ្រាដា បានសារទរជាខ្លាំងក្រោយទទួលបាននូវសមិទ្ឋផលថ្មី គឺផ្លូវបេតុងដ៏រឹងមាំមួយខ្សែតភ្ជាប់ពីទីរួមស្រុកឆ្ពោះទៅរមណីយដ្ឋានភ្នំណាំលៀ និងព្រំដែនកម្ពុជា-វៀតណាម ដោយពួកគាត់រំពឹងថា និងជួយដល់ការរីកចម្រើនទាំងផ្នែកជីវភាពគ្រួសារ និងមូលដ្ឋានរបស់ខ្លួន។
អាជីវករលក់ដូរសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ អ្នកស្រី ធឿន វណ្ណេត រស់នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលផ្ទះនៅស្របតាមផ្លូវកំពុងសាងសង់ថ្មី បានឲ្យដឹងថា កន្លងមកផ្លូវនេះគឺលំបាកខ្លាំងណាស់ ពេលរដូវប្រាំងហ៊ុយស្ទើរដកដង្ហើមមិនរួច ចំណែកពេលរដូវភ្លៀងវិញគឺរអិលជាងខ្លាញ់ទៅទៀត មូលហេតុទាំងនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់គាត់។ លោក សុខ ណែត ជាគ្រូពេទ្យមានលំនៅឋានតាមដងផ្លូវនេះដែរ បានត្អូញត្អែរពីបញ្ហាសុខភាពដែលអ្នកភូមិជួបប្រទះ គ្រាដែលផ្លូវមិនទាន់ទទួលបានការសាងសង់ថ្មី។ តែលោកគ្រូពេទ្យនិងអ្នកភូមិដទៃទៀត ពិតជាសប្បាយចិត្តពន់ពេក ដោយសារអាជ្ញាធរបានសម្រេចបើកការដ្ឋានសាងសង់ផ្លូវបេតុងដ៏ល្អស្អាត និងរឹងមាំ ថែមទាំងមានទំហំធំទូលាយជាងផ្លូវចាស់។
លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានឲ្យដឹងថា រដ្ឋបាលស្រុកបានបើកការដ្ឋានសាងសង់ផ្លូវបេតុងដែលមានប្រវែងជាង ១,៣០០ម៉ែត្រ ក្នុងភូមិពូទឺត ឃុំប៊ូស្រា (ផែនការឆ្នាំ២០២៣មានប្រវែង ២៣៧ម៉ែត្រ ផែនការឆ្នាំ២០២៤ មានប្រវែង ៥៣០ម៉ែត្រ ផែនការឆ្នាំ២០២៥ មានប្រវែង ៥៤២ម៉ែត្រ ) ដើម្បីជួយសម្រួលការដឹកជញ្ជួនកសិផលនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស អាចជួយទាក់ទាញ ដោយស្រូបយកភ្ញៀវទេសចរឲ្យចេញចូលទៅលេងកម្សាន្ត តាមតំបន់ទេសចរណ៍ានានាក្នុងស្រុកពេជ្រាដា និងតំបន់ព្រំដែនជាដើម។ លោក អភិបាលស្រុក បន្តថា កាលមុនមិនទាន់ធ្វើការសាងសង់ផ្លូវមួយខ្សែនេះ គឺមានភាពលំបាកខ្លាំង ដោយក្នុងរដូវវស្សាមានភាពរអិល ឯរដូវប្រាំងវិញគឺហុយខ្លាំងពិបាកក្នុងការធ្វើដំណើរ ពេលនេះរដ្ឋបាលស្រុក បានលើកជាផែនការវិនិយោគ បានធ្វើជាផ្លូវបេតុងតែម្តង ដែលមានកម្រាស់មួយតឹកកន្លះ និងមានទំហំ ៧ម៉ែត្រ សម្រាប់ផ្លូវតូច ហើយនៅតំបន់ទីប្រជុំជន បានពង្រីកដល់ទៅ១០ម៉ែត្រ កន្លែងខ្លះដល់ទៅ២០ម៉ែត្រ។
លោក អភិបាលស្រុក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមដងផ្លូវនេះ សូមចូលរួមថែរក្សា ការពារនូវសមិទ្ធផលដែលបានសាងសង់រួច ជាពិសេស សូមកុំឱ្យមានការបំពាន ឬការប្រើប្រាស់លើចំណីផ្លូវ និងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។ លោក វណ្ណា ម៉ាប់ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជើញមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ក៏ដូចជា ភ្នំណាំលៀឱ្យបានច្រើនកុះករ ព្រោះពេលនេះផ្លូវទៅកាន់តំបន់រមណីយដ្ឋាន មានភាពល្អប្រសើរ៕










Post a Comment