ខេត្តស្ទឹងត្រែងនឹងព្រឹត្តិការណ៍« បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក» ក្នុងន័យលើកស្ទួយវិស័យទេសចរណ៍ នៅចុងខែនេះ
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ព្រឹត្តការណ៍«បុណ្យផ្សោតមេគង្គ និងអុំទូកកៃយ៉ាក» នឹងផ្តើមធ្វើឡើង ចាប់ពីថ្ងៃទី៣០-៣១ នៃខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្រោមការសហការដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល ក្នុងភូមិសាស្រ្តអន្លង់ផ្សោតឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ បានមានប្រសាសន៍ថា៖ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសំខាន់ៗមួយចំនួនរួមមាន៖ ១.ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) ២.កម្មវិធីអុំទូកកៃយ៉ាក ៣.ការតាំងពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ៤.សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម) ៥.ការបោះតង់ជំរុំទេសចរណ៍នៅលើកោះលន និងកោះទន្សាយ ៦.ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) ៧. ទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត ។
លោកប្រធានមន្ទីរបន្តថា៖ព្រឹត្តិការនេះរៀបចំឡើងក្នុងន័យលើកកម្ពស់ការអភិរក្សសត្វផ្សោតមេគង្គ និងផ្សព្វផ្សាយពីតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឲ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឲ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងការបណ្តុះទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕
Post a Comment