អ៊ីរ៉ង់ ថានឹងមិនផ្អាកការចម្រាញ់អ៊ុយរ៉ាញូមជាបណ្តោះអាសន្ន ដើម្បីបានកិច្ចព្រមព្រៀងជាមួយអាមេរិកឡើយ
ប្រភព៖ Reuters
តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់នឹងមិនពិចារណាផ្អាកជាបណ្តោះអាសន្ន នូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail
Baghaei បាននិយាយថា
អ៊ីរ៉ង់នឹងគ្មានថ្ងៃទទួលយកការធ្វើបែបនោះជាដាច់ខាត។
ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន
បាននិងកំពុងបើកកិច្ចចរចាដោយផ្ទាល់ប៉ុន្មានជុំមកហើយ ដើម្បីព្យាយាមដោះស្រាយវិវាទ
ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់
ហើយភាគីទាំងពីរជាសាធារណៈបានប្រកាន់ជំហររឹងមាំដូចគ្នា
ជុំវិញបញ្ហានៃការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។ លោក Baghaei
បានប្រាប់ថា កាលបរិច្ឆេទមិនទាន់កំណត់នៅឡើយទេ សម្រាប់កិច្ចចរចាជុំទី៦
ជាមួយទីក្រុងវ៉ាស៊ីនតោន។ ការចរចាជុំទី៥រវាងភាគីទាំងពីរ
បានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍មុន នៅទីក្រុងរ៉ូម។ លោក Baghaei បានលើកឡើងថា «ប្រសិនបើភាគីអាមេរិកមានសុឆន្ទៈ
យើងក៏មានសុទិដ្ឋិនិយមដែរ ប៉ុន្តែបើកិច្ចពិភាក្សា
ផ្តោតលើការរឹតត្បិតសិទ្ធិរបស់អ៉ីរ៉ង់ នោះការជជែកគ្នា ច្បាស់ជានឹងមិនអាចទៅមុខឡើយ»។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ ចង់ទប់ស្កាត់លទ្ធភាពរបស់ទីក្រុងតេហេរ៉ង់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ
ដែលអាចបង្កឱ្យមាន ការរត់ប្រណាំងនុយក្លេអ៊ែរនៅក្នុងតំបន់
ហើយអាចគំរាមកំហែងអ៉ីស្រាអែល។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ បានអះអាងម្តងហើយម្តងទៀតថា
កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែបម្រើគោលដៅស៊ីវិលដោយសន្តិវិធីប៉ុណ្ណោះ
និងព្យាយាមចង់ឱ្យមានការដកទណ្ឌកម្មដ៏ធ្ងន់ធ្ងរចេញវិញ៕
Post a Comment