ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ១០នាក់ ក្នុងឆ្នាំ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខណ្ឌចំនួន ១០នាក់ តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។

ការលើកឡើង របស់ ឯកឧត្តម ប៊ិន ត្រឈៃ នាឱកាសអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងផែនការ» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងផែនការ បានជម្រាបជូនអង្គសិក្ខាសាលាថា «ក្នុងឆ្នាំ២០២៥ ក្រសួងផែនការ បានលុបឈ្មោះមន្ត្រីរាជការ ចេញពីក្របខណ្ឌចំនួន ១០នាក់ (មន្ត្រីថ្នាក់កណ្កាល ចំនួន ០៥នាក់ និងមន្ត្រីថ្នាក់ក្រោមជាតិ ចំនួន ០៥នាក់) តាមរយៈការគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងដោយបញ្ញត្តិ។ ទាំងនេះជាសមិទ្ធផលមួយ ដែលរួមចំណែកដល់ការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសពិនិត្យឡើងវិញ ការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ»

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា “ក្រសួងផែនការ បានបង្កើតក្រុមការងារចំនួន២ ដែលជាសេនាធិការក្នុងការចាត់ចែងកិច្ចការចាំបាច់នានា តាមការណែនាំ របស់រាជរដ្ឋាភិបាលរួមមាន៖ ១).ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងផែនការ ២).ក្រុមការងារបច្ចេកទេស ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងផែនការ។

ឯកឧត្តមរដ្ឋមន្ដ្រី បន្ដថា ក្រុមការងារទាំងពីរនេះ បាន និងកំពុងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច សហការសម្របសម្រួលជាមួយអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងផែនការ ក្នុងការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធមន្ត្រី និងទិន្នន័យមន្ត្រីរបស់ក្រសួងផែនការ ដើម្បីរៀបចំរបាយការណ៍ វឌ្ឍនភាពផ្ញើជូនក្រសួងមុខងារសាធារណៈ បន្ទាប់ពីក្រសួងបានបំពេញ តារាងឧបសម្ព័ន្ធទាំងបួន ដែលកំណត់ដោយរាជរដ្ឋាភិបាល ។

ទន្ទឹមនឹងនេះ ក្រសួងផែនការ បានគាំទ្រពេញទំហឹង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើទំនើបកម្មស្ថាប័ន ក្លាយទៅជារដ្ឋបាល សាធារណៈទំនើបដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។ ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ជាកិច្ចការដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់ដំណើរការ កសាងរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព នៅក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្ម សំដៅឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល”៕



 

 

 

Powered by Blogger.