ត្រាំ ផ្អាកការយកពន្ធគយលើសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៩ ខែកក្កដា
ប្រភព៖ Reuters
វ៉ាសីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភាថាលោកនឹងផ្អាកការយកពន្ធគយ ៥០ភាគរយលើសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីមានកិច្ចសន្ទនាដ៏ល្អមួយជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប
កំពុងស្ថិតនៅក្នុងកិច្ចចរចាដើម្បីបញ្ចៀសសង្រ្គាមពាណិជ្ជកម្ម
និងបានឯកភាពគ្នាក្នុងការផ្អាកការយកពន្ធគយទៅវិញទៅមក រហូតដល់ខែកក្កដា។ លោក ត្រាំ
បានគំរាមយកពន្ធគយលើសហភាពអឺរ៉ុប ក្នុងនោះ ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូម
ព្រមទាំងរថយន្ដ ២០ភាគរយជាពន្ធគយទៅវិញទៅមក
និង១០ភាគរយលើមុខទំនិញទាំងអស់នាំចូលពីសហភាពអឺរ៉ុប។
លោក ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅ
បានគំរាមថានឹងយកពន្ធគយ៥០ភាគរយលើទំនិញនាំចូលពីសហភាពអឺរ៉ុប នៅថ្ងៃទី១
ខែមិថុនាក្រោយនេះ។ ប៉ុន្តែថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនឡើងយន្ដហោះ Air
Force One ក្នុងទីក្រុង Morristown រដ្ឋ New
Jersey លោកបានឱ្យដឹងថាលោកបានសម្រេចចិត្តពន្យារពេលការអនុវត្តពន្ធគយថ្មីននេះ។
លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី von der
Leyen ទើបតែហៅទូរស័ព្ទមកខ្ញុំ...ហើយលោកស្រីបានស្នើឱ្យខ្ញុំពន្យារពេលការយកពន្ធគយដែលដំបូងឡើយនឹងត្រូវអនុវត្ត
នៅថ្ងៃទី១ ខែមិថុនា។ លោកស្រីបាននិយាយថាចង់អង្គុយចុះចរចាគ្នាសិន»។ លោកបន្ថែមទៀតថាលោកផ្ទាល់បានយល់ព្រម។
មុនការអត្ថាធិប្បាយរបស់លោក ត្រាំ លោកស្រី von
der Leyen បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាលោកស្រីមានកិច្ចសន្ទនាដ៏ល្អមួយជាមួយលោក ត្រាំ ប៉ុន្តែ
ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងដ៏ល្អមួយបាន
យើងចាំបាច់ត្រូវការពេលវេលារហូតដល់ថ្ងៃទី៩ ខែកក្កដា៕
Post a Comment