ពូទីន ឯកភាពគ្នាជាមួយ ត្រាំ ដើម្បីធ្វើការជាមួយអ៊ុយក្រែនលើអនុស្សរណៈស្ដីពីកិច្ចព្រមព្រៀងសន្តិភាព
ប្រភព៖ Reuters
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភាថាទីក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអ៊ុយក្រែនស្ដីពីអនុស្សរណៈមួយពាក់ព័ន្ធនឹងអនាគតនៃកិច្ចព្រមព្រៀងសន្តិភាព ហើយថាកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន កំពុងស្ថិតនៅលើទិសដៅត្រឹមត្រូវ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន
នៅក្បែរទីក្រុង Sochi
លោក ពូទីន បានលើកឡើងថា យើងបានឯកភាពគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថារុស្ស៉ីនឹងស្នើឡើង ក៏ដូចជា
ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនស្ដីពីអនុស្សរណៈស្ដីពីអនាគតនៃកិច្ចព្រមព្រៀង។
លោក ពូទីនបន្ថែមថាជាផ្នែកមួយនៃកិច្ចការងារនេះ ប្រទេសទាំង២
នឹងត្រូវកំណត់ពីលទ្ធភាពឆ្ពោះទៅរកបទឈប់បាញ់មួយ
ក្នុងនោះរួមមានការកំណត់ពេលវេលាជាក់លាក់។
លោក ពូទីន
ក៏បានអរគុណលោក ត្រាំផងដែរ
សម្រាប់ការគាំទ្រដល់ការចាប់ផ្ដើមឡើងវិញនៃកិច្ចចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ
និងទីក្រុងកៀវ បន្ទាប់ពីភាគីទាំង២បានជួបគ្នា ក្នុងប្រទេសតួកគីយ៉េកាលពីសប្ដាហ៍មុន
ក្នុងកិច្ចចរចាទល់មុខជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២មក៕
Post a Comment