សហភាពអឺរ៉ុប អនុម័តទណ្ឌកម្មថ្មីទី១៧ ប្រឆាំងនឹងរុស្ស៊ី សំដៅលើកងនាវាប្រេងស្រមោល

ព្រុចសែល៖ សហភាពអឺរ៉ុប នៅថ្ងៃអង្គារ ទី២០ ខែឧសភា បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មីទី១៧ ប្រឆាំងនឹងប្រទេស រុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ដោយបានផ្តោតគោលដៅជាពិសេសលើកងនាវាដឹកប្រេងស្រមោលរបស់ទីក្រុងមូស្គូ។

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានសរសេរនៅលើបណ្តាញសង្គម X ថា «សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មទី១៧ របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដោយកំណត់គោលដៅលើនាវាកងនាវាស្រមោលជិត ២០០គ្រឿង»។ លោកស្រីបានព្រមានបន្ថែមថា «ទណ្ឌកម្មកាន់តែច្រើនលើរុស្ស៊ីកំពុងត្រូវបានរៀបចំ។ កាលណារុស្ស៊ីធ្វើសង្គ្រាមកាន់តែយូរ ការឆ្លើយតបរបស់យើងនឹងកាន់តែតឹងរ៉ឹង»

កញ្ចប់ទណ្ឌកម្មថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមនាវាដឹកប្រេងរបស់រុស្ស៊ី ដែលព្យាយាមគេចវេះពីការកំណត់តម្លៃអតិបរមាលើប្រេងឆៅរុស្ស៊ី ដែលបានដាក់ដោយក្រុមប្រទេស G7 តាំងពីចុងឆ្នាំ ២០២២។

មានសេចក្តីរាយការណ៍ថា សហភាពអឺរ៉ុបក៏នឹងជំរុញឲ្យមានការបញ្ចុះតម្លៃអតិបរមានេះបន្ថែមទៀត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅប្រទេសកាណាដាក្នុងសប្តាហ៍នេះ។ ការនាំចេញប្រេង និងឧស្ម័ន គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់រុស្ស៊ី ដែលផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន៕



Powered by Blogger.