សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គណៈកម្មការពិសេស និងខេត្តភាគឦសានត្រូវធ្វើការរួមគ្នាជួយដល់អ្នកអ្នវិនិយោគ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មការនិងក្រុមការងារពិសេស រួមទាំងរដ្ឋបាលខេត្តភាគឦសានត្រូវធ្វើការរួមគ្នាជួយដល់អ្នកអ្នវិនិយោគ ជាពិសេសវិនិយោគិនក្នុងស្រុកឱ្យទៅវិនិយោគនៅទីនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន
នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី៩ ខែមេសា
ឆ្នាំ២០២៥ នេះ សម្ដេចធិបតីបានណែនាំឱ្យក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម
ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ
ដល់កម្មវិធីពិសេសនេះ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ
និងភូតគាមអនាម័យនៅខេត្តជាប់ព្រំដែន ដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី
ឬប័ណ្ណកម្មសិទ្ធដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ
និងការដាក់ចេញនូវយន្តការសម្របសម្រួល
ក្នុងការផ្ទេរគម្រោងសម្បទានដីសេដ្ឋកិច្ចអសកម្មឱ្យទៅវិនិយោគិន ដែលមានបំណងច្បាស់លាស់
និងជាក់លាក់ជាដើម។
សម្ដេចធិបតី
នាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីពិសេស
ជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ
គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល
នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី
ក៏ដូចជាការខិតខំពង្រីក និងចែកចាយ ផលលាភពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាន
ប្រជាជនខ្មែរ។ ដូច្នេះសម្ដេចបាន
ណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត កម្មវិធីពិសេសនេះ
ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការ ដើម្បីសម្រេចជោគជ័យ ស្របតាមគោលបំណង និងគោលដៅដែលបានដាក់ចេញ៕
Post a Comment