ការបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែ ទេសចរណ៍អន្តរជាតិកំពត» ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់ វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ
ខេត្តកំពត ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា ការបើកឱ្យប្រើប្រាស់ ជាផ្លូវការនូវ «កំពង់ផែ ទេសចរណ៍អន្តរជាតិកំពត» នាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យ ទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។
ការលើកឡើងរបស់ រដ្ឋមន្រ្តី
ប៉េង ពោធិ៍នា នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ
គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ
ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ
នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ
ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង
និងបណ្តាកោះនានា ក្នុងព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តមរដ្ឋមន្ដ្រី
បន្ដថា ការតភ្ជាប់ទាំងអស់នេះ
នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម
តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍
និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗ
នៅក្នុងភូមិសាស្រ្តខេត្តកំពត និយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀត និយាយជារួម
ដើម្បីទាក់ទាញភ្ញៀវ ទេសចរបន្ថែមទៀត។
សូមរំលឹកថា គម្រោងសាងសង់កំពង់ផែ
ទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨
និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស
ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទាន
ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួន
របស់រាជរដ្ឋាភិបាល សម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក
និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារ ការិយាល័យជាដើម៕
Post a Comment