កិច្ចពិភាក្សារវាងអ៉ីរ៉ង់ និងអាមេរិក នៅអូម៉ង់ ប្រព្រឹត្តទៅ ក្រោមស្រមោលនៃជម្លោះក្នុងតំបន់
ប្រភព៖ Reuters
ឌូបៃ៖ កិច្ចពិភាក្សាកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក
និងអ៊ីរ៉ង់នៅក្នុងប្រទេសអូម៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់បានចាប់ផ្តេីមហេីយនាថ្ងៃសៅរ៍
ទី១២ ខែមេសា នេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានគំរាមចាត់វិធានការយោធាប្រសិនបើគ្មានកិច្ចព្រមព្រៀង។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas
Araqchi កំពុងដឹកនាំគណៈប្រតិភូអ៊ីរ៉ង់
ចរចាជាមួយសហរដ្ឋអាមេរិកដែលដឹកនាំដោយបេសកជនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់លោក
ត្រាំ គឺលោក Steve Witkoff។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei និយាយាថា
កិច្ចចរចាដោយប្រយោលបានចាប់ផ្តើមហើយ ដោយគណៈប្រតិភូនីមួយៗស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា
ហើយផ្លាស់ប្តូរសារតាមរយៈ រដ្ឋមន្ត្រីការបរទេសអូម៉ង់។
មន្រ្តីអូម៉ង់ម្នាក់ បានប្រាប់ Reuters
ថាការផ្តោតសំខាន់នៃកិច្ចពិភាក្សា
គឺការកើនឡើងនូវភាពតានតឹងក្នុងតំបន់ ការដោះដូរអ្នកទោស
និងលក្ខខណ្ឌបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងជាថ្នូរនឹងការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា
ការយល់ព្រមចូលមកចរចាពីសំណាក់ទីក្រុងតេហេរ៉ង់ ធ្វេីឡេីងបន្ទាប់ពី លោក ត្រាំ
គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់
ប្រសិនមិនបញ្ឈប់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។
ទោះជាមានការពិភាក្សាគ្នានាពេលនេះក្តី តែភាគីទាំងពីរនៅតែមានគំនិតខុសឆ្ងាយ ជុំវិញជម្លោះដែលបានកើតឡើងអស់រយៈពេលជាងពីរទសវត្សរ៍៕
Post a Comment