សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនបានប្រកាន់យកប្រទេស ណាមួយ ផ្តាច់ចោលប្រទេសណាមួយទេ
ខេត្តកំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាមួយនោះទេ ខណៈដែលកម្ពុជា មានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក។
ការថ្លែងរបស់សម្តេចធិបតី
ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងជាការឆ្លើយតប ទៅនឹងមតិ
និងការវិភាគរបស់ក្រុមអ្នកនយោបាយមួយចំនួនតូចដែលនៅក្រៅប្រទេស លើកឡើងថា កម្ពុជា
កំពុងស្រវាចាប់ចិន ហើយបោះចោលសហអាមេរិក បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង
បានអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ (១៧-១៨មេសា)។
ក្នុងឱកាសអញ្ជើញជាអធិបតី
ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត
ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា
ឆ្នាំ២០២៥នេះ សម្តេចធិបតី បានសម្តែងការហួសចិត្ត ជាមួយមនុស្សមួយចំនួន
ដែលកំពុងប្រើប្រាស់ផ្លូវល្បឿនលឿន កសាងឡើងដោយឥណទានពីចិន តែបែរជាស្តីបន្ទោសចិន
និងមួយចំនួន ធ្វើការនៅក្នុងរោងចក្រ ដែលមានថៅកែជាជនជាតិចិន
ដែលទទួលបានប្រាក់បៀវត្តរ៍ ខ្ទង់ពាន់ទៅហើយ នៅបន្ទោសរាជរដ្ឋាភិបាល
ថាទាញវិនិយោគពីចិនទៅទៀត ។
ក្នុងនោះសម្តេចធិបតី
នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ គួរតែមានមោទនភាព
ដែលកម្ពុជាប្រទេសតូចមួយ តែមានទំនាក់ទំនងស្មើមុខស្មើមាត់ ជាមួយប្រទេសមហាអំណាច
និងគ្រប់ប្រទេសទាំងអស់ លើពិភពលោក ខណៈដែលប្រទេសកម្ពុជា ជាប្រទេសមួយ
ក្នុងចំណោមប្រទេសតែ៣គត់ ដែលប្រធានាធិបតី ស៊ី ជីនពីង ធ្វើដំណើរទសន្សកិច្ច មានវៀតណាម
ម៉ាឡេស៊ី និងកម្ពុជា ។
សម្តេចធិបតី
ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “សួរថា ទំនាក់ទំនងរវាងកម្ពុជា និងចិនខុសអ្វី
នៅពេលដែលកម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាទេ
គឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក
នេះជាជំហរនយោបាយរបស់យើង
ផ្អែកទៅលើគោលការណ៍ គោរពឯករាជ្យភាព អធិបតេយ្យភាព
និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក នេះគឺជាអ្វីដែលកម្ពុជាយើងធ្វើ
ហើយខ្ញុំសូមបញ្ជាក់ នេះគឺជាជំហររដ្ឋាភិបាលរបស់យើង យើងមិនមែនអាណបពីណាគេទេ”៕
Post a Comment