ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម
កំពង់ចាម, ត្បូងឃ្មុំ៖ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ជាចំណងដៃដ៏ពិសិដ្ឋដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនអ្នកខេត្តកំពង់ចាម និងត្បូងឃ្មុំ ជាពិសេសអ្នកស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ, នៅពេលនេះចំណងដៃថ្មីមួយទៀត គឺផ្លូវជាតិលេខ៧១សេ ដែលចាប់ផ្តើមសាងសង់ក្នុងដំណាក់កាលសម្តេចតេជោដឹកនាំ ក៏ត្រូវបានសាងសង់រួចរាល់ក្លាយជាចំណងមរតកដ៏មានគុណតម្លៃបំផុតសម្រាប់ពលរដ្ឋខេត្តត្បូងឃ្មុំ និងកំពង់ចាម។
ផ្លូវជាតិលេខ៧១សេ
បានដាក់ឱ្យពលរដ្ឋធ្វើដំណើរតាំងពីឆ្នាំ២០២៤មកម្ល៉េះ
តែពិធីសម្ពោធផ្លូវការទើបនឹងធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក
ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១សេ
បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន
(ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា
និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ផ្លូវនេះ មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ
ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០
ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ
ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប
ស្រុកចំការលើ ខេត្តកំពង់ចាម៕
Post a Comment