សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិតនៅខេត្តកំពង់ស្ពឺ។
សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះរួមមាន៖
អគារស្នាក់នៅចំនួន២ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន, អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចំនួន១ខ្នង
និងកុំព្យូទ័រចំនួន៧០គ្រឿង ព្រមទាំងការតភ្ជាប់ប្រព័ន្ធអុីនធើណេត
ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអគារសាលាមត្តេយ្យ ពេជ ចន្ទមុន្នី
ហ៊ុនម៉ាណែត ចំនួន ១ខ្នង មាន៣ថ្នាក់។ ក្នុងនោះ ២ថ្នាក់សម្រាប់រៀនចំណេះដឹងទូទៅ
និង១ថ្នាក់សម្រាប់រៀន វប្បធម៌ សុជីវធម៌ និងសីលធម៌។
សូមបញ្ជាក់ថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ
មានផ្ទៃដីជិត៨០ហិតា ជាទីតាំងរបស់អតីតសាលានាយទាហានសកម្ម
ប្រើជាកន្លែងបណ្តុះបណ្តាលយោធាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គបញ្ជាការដ្ឋាន៕
Post a Comment