លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំទិវា ៨ឧសភា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំទិវា៨ឧសភា បានអញ្ជើញដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបកំណើត ៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ នាទីស្នាក់ការកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា លោកស្រីអគ្គលេខាធិការ អគ្គលេខាធិការរងទី១ និងទី២ សមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ជាច្រើនរូបទៀត។

ក្នុងកិច្ចចាប់ផ្ដើមនៃកម្មវិធីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានថ្លែងសំណេះសំណាលស្វាគមន៍យ៉ាងកក់ក្ដៅ ប្រកបដោយសេចក្ដីគោរពស្រលាញ់ និងសួរសុខទុក្ខ ក្នុងឱកាសពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដែលទើបតែបញ្ចប់កាលពីចុងសប្ដាហ៍នេះយ៉ាងសប្បាយរីករាយ និងសុខក្សេមសាន្ដនៃម្លប់នៃសុខសន្ដិភាព។

ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានមានប្រសាសន៍លើកឡើងពីភាពលេចធ្លោរ នៃភាពឆ្នើមនៃការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកនេះ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយដល់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះ និងរងគ្រោះបំផុត បានយ៉ាងរហ័ស នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនភាពរើសអើង និងតម្លាភាពខ្ពស់។
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ២លាននាក់។

សម្រាប់ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» គឺជាឱកាសកៀរគរសូមការជួយគាំទ្រ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់នៅក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដូច្នេះលោកជំទាវបណ្ឌិត​ បានបន្ដអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបរិច្ចាគថវិកា ឬសម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ។

លើសពីនោះក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត​ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គប្រជុំផងដែរ។ ក្នុងកិច្ចកិច្ចប្រជុំថ្ងៃនេះ ក៏មានអានសេចក្តីសម្រេច ស្ដីពីការចាត់តាំង គណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ និងខួបកំណើត ៧០ឆ្នាំ របស់កាកបាទក្រហមកម្ពុជា និងរបាយការណ៍សកម្មភាពការងារកន្លងមក និងផែនការអនុវត្តបន្ត របស់អនុគណៈកម្មការនីមួយៗ រួមទាំងបញ្ហាផ្សេងៗ៕









 

Powered by Blogger.