កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំទ្វេភាគីជាមួយនឹង នាយឧត្តមសេនីយ៍ តាន់ស៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា
ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាង
កម្ពុជា-ម៉ាឡេស៊ី ដែលបានបង្កើតតាំងពីឆ្នាំ១៩៥៧
និងបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ
និងការគាំទ្រគ្នាទៅវិញទៅមក
ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការយោធា
រវាងប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណ
ដល់កងទ័ពជើងគោកម៉ាឡេស៊ី ដែលបានផ្តល់វគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពទ័ព
ដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាពេលកន្លងមក។
លោកបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង កងទ័ពជើងគោកម៉ាឡេស៊ី
ព្រមទាំងបានលើកឡើងនូវគោលគំនិតកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីជំរុញមិត្តភាព
ភាពជាដៃគូប្រកបដោយភាព ស្ថាបនា តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។
នាយឧត្តមសេនីយ៍ តាន់ស៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ
ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ បានថ្លែង អំណរគុណ និងមានកិត្តិយស
ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងសូមថ្លែងអំណរគុណចំពោះការរៀបចំ
បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ។ លោកបានបន្ថែមថា
ថ្វីត្បិតតែក្រសួងការពារជាតិកម្ពុជា-ម៉ាឡេស៊ី មិនទាន់មានការបង្កើត MOU
ស្តីពីកិច្ចសហប្រតិបត្តិការយោធា
ក៏ប៉ុន្តែសន្ទុះទំនាក់ទំនងទ្វេភាគីរវាង កងទ័ពជើងគោកទាំងពីរ
មានការរីចម្រើនគួរឲ្យកត់សម្គាល់។
លោកបានឯកភាពជាគោលការណ៍បន្តផ្តល់វគ្គហ្វឹកហ្វឺនបន្ថែមសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦
ខាងមុខ ដើម្បីចូលរួមកសាងសមត្ថភាពដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
និងបានស្នើភាគីកម្ពុជាជួយចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារ បោសសម្អាតមីនមនុស្សធម៌។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង នាយឧត្តមសេនីយ៍
តាន់ស៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់
ក៏បានពិភាក្សាអំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយ ចំនួនរួមមាន៖
(១) កិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក (២) ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ (៣)
ការផ្លាស់ប្តូរនាយទាហានវ័យក្មេង (៤) ការរៀបចំសមយុទ្ធទ្វេភាគី ឬ ពហុភាគី
ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR)៕



Post a Comment