ត្រាំ ថា ឆាប់ៗនេះ នឹងប្រកាសពន្ធគយលើវិស័យថ្នាំពេទ្យមួយមុខទៀត

 ប្រភព៖ Reuters

វ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសអំពីការដាក់ពន្ធ លើការនាំចូលឱសថព្យាបាល ក្នុងពេលឆាប់ៗនេះ។

តាមទិន្នន័យថ្មីចុងក្រោយរបស់ Eurostat ការនាំចេញផលិតផលវេជ្ជសាស្ត្រ និងឱសថរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក មានចំនួនសរុបប្រហែល ៩៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។

វិស័យថ្នាំពេទ្យ មិនមានឡើយក្នុងវិធានការពន្ធគយលើការនាំចូល ដែលបានប្រកាសកាលពីសប្តាហ៍មុន ប៉ុន្តែលោក ត្រាំ ថានឹង​ប្រឈម​មុខ​នឹង​ការ​យក​ពន្ធ​ ដាច់ដោយឡែក​ពី​គ្នា។ នៅឯព្រឹត្តិការណ៍មួយ រៀបចំឡើងដោយគណៈកម្មាធិការព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក ត្រាំ និយាយថា ពន្ធគយនឹងជំរុញឱ្យក្រុមហ៊ុនឱសថ ផ្លាស់ទីតាំងធ្វើប្រតិបត្តិការរបស់ពួកគេ មកកាន់សហរដ្ឋអាមេរិក។

សមាគមពាណិជ្ជកម្មឱសថអឺរ៉ុប ហៅកាត់ EFPIA ដែលសមាជិករបស់ពួកគេរួមមាន ក្រុមហ៊ុនឱសថយក្សដូចជា Bayer, Novartis និង Novo Nordisk បានអំពាវនាវដល់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ឱ្យចាត់វិធានការសកម្មភាព ដើម្បីកាត់បន្ថយហានិភ័យនៃការងាកទៅរកសហរដ្ឋអាមេរិក ក្នុងវិស័យនេះ៕



 

 

Powered by Blogger.