ថ្នាក់ដឹកនាំខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដើម្បីចូលរួមអបអរក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អត្ថបទ៖ សុខ ចរណៃ

ខេត្តបាត់ដំបង៖ លោក មសឿម ប៊ុនរិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនារសៀលថ្ងៃសៅរិ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបជាមួយអ្នកសារព័ត៌មាន ប្រមាណ១៨០ នាក់នៅក្នុងសាលប្រជុំ អគារ E រដ្ឋបាលខេត្ត  ដើម្បីចូលរួមអបអរក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដែលមានអ្នកសារព័ត៌មានចូលរួមប្រមាណ ១៨០នាក់ ដែលជាអ្នកចុះយកព័ត៌មានមកពីតាមបណ្ដាអង្គភាពសារព័ត៌មាននានា។

លោកអភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកសារព័ត៌មាន ដែលបានសរសេរព័ត៌មានពិត មិនបំភ្លៃ សរសេរព័ត៌មានដែលជាប្រភេទព័ត៌មានអប់រំ មានការផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ព័ត៌មានថ្នាក់ដឹកនាំក្នុងខេត្តដែលបានបង្កើតសិមិទ្ធិផលនានា ទាំងហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបន្តថា អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គម សូមឱ្យផ្សព្វផ្សាយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន សូមកុំផ្សព្វផ្សាយព័ត៌មានបែបហិង្សា ព័ត៌មានមិនពិត បំភ្លើស បំភ្លៃ ព័ត៌មានដែលបញ្ឆេះកំហឹងដល់ប្រជាពលរដ្ឋធ្វើឱ្យមានភាពវឹកវរនៅក្នុងសង្គម បើមានការផ្សាយនូវព័ត៌មានមិនពិត អាចនឹងត្រូវលុប អាជ្ញាប័ណ្ណ ឬប្រឈមមុខចំពោះមុខច្បាប់ជាដើម ។

លោកបានសង្កត់ធ្ងន់ថា កន្លងមកមាន អ្នកសារព័ត៌មាន មួយចំនួនតូចធ្វើអោយខូចដល់អ្នកសារព័ត៌មានល្អជាច្រើនទៀត ដូចពាក្យ ១ឃ្លា ពោលថា ត្រី ១កន្ត្រក ស្អុយ១ ស្អុយទាំងអស់ ដូច្នេះ ចូរកុំ ប្រព្រឹត្ត ខុសវិជ្ជាជីវៈអ្នកសារព័ត៌មានដូចជា ចុះទារលុយគេមិនបានផ្សាយបង្កាច់បង្ខូចគេ ទី២ កុំកាងប្រជាពលរដ្ឋដែលទៅរំលោភបំពានដីព្រៃលិចទឹកតំបន់៣ ដែលរដ្ឋបានហាមឃាត់ ដែលតំបន់អភិរក្សជម្រកសត្វព្រៃភ្នំសំកុស និងមិនត្រូវផ្សព្វផ្សាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទៅជីកគាស់កកាយប្រឡាយមេបញ្ជូនទឹក នេះជាករណីបំផ្លាញទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋមុននឹងផ្សាយអ្វីមួយ បើមិនច្បាស់លាស់ អាចធ្វើឱ្យប៉ះពាស់ដល់សន្តិសុខជាតិ សណ្តាប់ ធ្នាប់សាធារណៈ សិទ្ធិសេរីភាពបុគ្គល ជាពិសេសធ្វើឱ្យបាត់បង់កិត្តិយសនិងមុខមាត់ខេត្តបាត់ដំបង ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ផងដែរ។

លោកអភិបាលរងខេត្ត បានសំណូមពរដល់អ្នកសារព័ត៌មាន សូមជួយផ្សព្វផ្សាយពីសមិទ្ធិផលនានារបស់រដ្ឋបាលខេត្តដែលសម្រេចបាន ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៅក្នុងខេត្តបាត់ដំបង ឱ្យបាន ទូលំទូលាយ និងមានការផ្សព្វផ្សាយពីការរៀបចំសង្ក្រាន្តក្នុងក្រុងបាត់ដំបង ដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បី ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកលេងកម្សាន្តអោយបានច្រើនកុះករក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរខាងមុខនេះ៕







Powered by Blogger.