អគ្គនាយករដ្ឋបាលគយជប៉ុន កោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបប្រជុំទ្វេភាគីជាមួយ គណៈប្រតិភូនៃរដ្ឋបាលគយជប៉ុន ដែលដឹកនាំដោយលោក TAKAMURA Yasuo អគ្គនាយករដ្ឋបាលគយជប៉ុន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយជប៉ុន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ
បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ នៃរដ្ឋបាលគយជប៉ុន
ដែលអញ្ជើញមកធ្វើទស្សនកិច្ចការងារនៅប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ
រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជួយស្តារ និងកសាងប្រទេសកម្ពុជា ជាពិសេស
ការផ្តល់ជំនួយ បច្ចេកទេស ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់
និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា អ្នកជំនាញការ JICA រយៈពេលវែង
ប្រចាំអគរ ការផ្តល់ជូនកម្មវិធីកសាងសមត្ថភាពធនធានមនុស្ស
រួមទាំងកម្មវិធីថ្នាក់អនុបណ្ឌិត GRIPS កម្មវិធីកម្មសិក្សារបស់មន្ត្រីអគរ
នៅការិយាល័យទំនាក់ទំនងព័ត៌មានសម្ងាត់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (RILO
A/P) នៅក្រុងតូក្យូប្រទេសជប៉ុន
ព្រមទាំងការផ្តល់កិច្ចគាំទ្រលើគម្រោងពង្រឹងប្រសិទ្ធភាព និងសមត្ថភាពរដ្ឋបាលគយសម្រាប់តភ្ជាប់ក្នុង
តំបន់មេគង្គ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ
ចំពោះរដ្ឋបាលគយជប៉ុនដែលបានផ្តល់ការគាំទ្រ និងការទទួលស្គាល់សាលាជាតិគយ
ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការ WCO
កន្លងមក។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ
បានគូសបញ្ជាក់បន្ថែមពីទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍
រវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់
ដែលសមិទ្ធផលផ្លែផ្កាទាំងនេះគឺជាលទ្ធផលនៃទំនាក់ទំនង
សហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក TAKAMURA
Yasuo អគ្គនាយកនៃរដ្ឋបាលគយជប៉ុន
បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ
និងកសាងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលកន្លងមក។
ទន្ទឹមនេះ លោកអគ្គនាយក
បានកោតសរសើរពីការអនុវត្តកម្មវិធីកម្មវិធីកំណែទម្រង់
និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេស
ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាល
ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក (សាលាជាតិគយ)។
លោកក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង
របស់រដ្ឋបាលគយកម្ពុជា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់
និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគយក្នុងកម្រិតទ្វេភាគី កម្រិតតំបន់
និងកម្រិតអង្គការគយពិភពលោក ព្រមទាំង
គម្រោងអនុវត្តប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
និងលទ្ធផលនៃការបង្រ្កាបបទល្មើសគយ ដោយប្រើប្រាស់នាវាល្បាតពីរគ្រឿង
ដែលរដ្ឋបាលគយជប៉ុន ផ្តល់ជូនរដ្ឋបាលគយកម្ពុជាកន្លងមក។
លើសពីនេះទៀត ដើម្បីពង្រឹង
និងលើកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ភាគីទាំងពីរ
បានពិនិត្យលទ្ធភាពជំរុញពន្លឿន ការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា
រវាងរដ្ឋបាលគយទាំងពីរផងដែរ៕
Post a Comment