ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពការសាងសង់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅស្រុកឯកភ្នំ
អត្ថបទ៖ សុខ ចរណៃ
ខេត្តបាត់ដំបង៖ លោក សឿម ប៊ុនរិទ្ធ និងលោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ បានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅស្រុកឯកភ្នំ។
បើតាមលោក ឃន ណារិទ្ធ ប្រធានការិយាល័យទឹកស្អាតបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាករទឹកមានរោងចក្រចំនួនពីរកន្លែង ដែលអាចមានសមត្ថភាពអាចផ្គត់ផ្គង់ទឹកបាន ៣៣៥២០ម៉ែត្រគូបក្នុងមួយថ្ងៃៗ ប៉ុន្តែដោយកំណើនតម្រូវការនៃការប្រើប្រាស់ទឹកស្អាតមានការកើនឡើង រដ្ឋាករទឹកខេត្តបាត់ដំបងទទួលបានជំនួយពីរាជរដ្ឋាភិបាល សម្រាប់ការកសាងរោងចក្រថ្មីមួយកន្លែងទៀត ដែលជាគម្រោងឥណទាន ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍ អាស៊ី ADB និងទីភ្នាក់ងារAFDបារាំង ដែលមានសមត្ថភាព ៥០០០០ម៉ែត្រគូប ដើម្បីបំពេញបន្ថែមការខ្វះខាត ។
សូមជម្រាបជូនថា បច្ចុប្បន្នរដ្ឋាករទឹកខេត្តបាត់ដំបង បានពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងបាត់ដំបងទាំង១០សង្កាត់ និងស្រុកចំនួនពីរស្រុក គឺស្រុកសង្កែ និងស្រុកថ្មគោល ស្មើ ៩៩ភូមិ និង ១៧ឃុំ/សង្កាត់ ដែលបានប្រើប្រាស់សេវាកម្មរបស់រដ្ឋាករទឹកសាធារណៈ៕
Post a Comment