Xi Jinping បដិសេធការអញ្ជើញ EU ឱ្យចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល
ប្រភព៖ Reuters
ប៉េកាំង៖ ប្រធានាធិបតីចិន លោក Xi Jinping បានបដិសេធការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលមួយ នៅទីក្រុងប្រ៊ុចសែលដើម្បីប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងសហភាពអឺរ៉ុប (EU) និងចិន ដោយបានបញ្ជាក់ថានាយករដ្ឋមន្ត្រី Li Qiang នឹងចូលរួមជំនួស។
ការសម្រេចចិត្តនេះ
កើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាង EU និងចិន
ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងពាណិជ្ជកម្ម។ EU ចោទចិនថាគាំទ្ររុស្ស៊ី
ហើយបានដាក់ពន្ធលើរថយន្តអគ្គិសនីចិនកាលពីឆ្នាំមុន។
ចិន
ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក និងសហភាពអឺរ៉ុប
ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក
បានចំណាយពេលភាគច្រើននៃឆ្នាំ ២០២៤ ក្នុងជម្លោះពាណិជ្ជកម្ម
ដោយចោទគ្នាទៅវិញទៅមកពីបទអនុវត្តមិនយុត្តិធម៌។ កាលពីខែតុលា EU បានដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីចិន
ដោយចោទថាមានការឧបត្ថម្ភធនខុសច្បាប់។ ជាការឆ្លើយតប
ចិនបានបង្កើនរបាំងចូលទីផ្សារសម្រាប់ផលិតផលមួយចំនួនរបស់ EU។
ទាំងក្រសួងការបរទេសចិន និង EU មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ មន្ត្រី EU
បានបញ្ជាក់ថាកំពុងមានការពិភាក្សាក្រៅផ្លូវការអំពីកាលបរិច្ឆេទ
និងកម្រិតតំណាងសម្រាប់កិច្ចប្រជុំកំពូល EU-ចិន
ឆ្នាំនេះ។
សូមជម្រាបថា តាមប្រពៃណី
នាយករដ្ឋមន្ត្រីចិនជាអ្នកចូលរួមកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅទីក្រុងប្រ៊ុចសែល
ខណៈប្រធានាធិបតីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងប៉េកាំង។
ប៉ុន្តែសម្រាប់ខួបលើកទី ៥០ នេះ EU សង្ឃឹមថា
លោក Xi នឹងចូលរួមដោយផ្ទាល់
ដើម្បីរំឭកដល់ខួបកន្លះសតវត្សរ៍ នៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប៕
Post a Comment