ត្រាំ ដាក់បុគ្គលិក VOA ១៣០០នាក់ឱ្យឈប់សម្រាក និងផ្តាច់មូលនិធិសម្រាប់វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖
បុគ្គលិកសរុបជាង១៣០០នាក់ នៃបណ្តាញព័ត៌មានរដ្ឋអាមេរិក Voice
of America ឬ VOA ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ
ហើយលុបចោលការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី
បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានចេញបញ្ជាប្រតិបត្តិសំដៅបង្រួមទីភ្នាក់ងារសហព័ន្ធ
ដែលមានតួនាទីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលមូលនិធិពីរដ្ឋាភិបាលអាមេរិក។
កាលពីថ្ងៃសុក្រ លោក ត្រាំ
បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ បង្គាប់ឱ្យ USAGM និងទីភ្នាក់ងារសហព័ន្ធ៦ផ្សេងទៀត កាត់បន្ថយទំហំប្រតិបត្តិការរបស់ពួកគេ
មកត្រឹមកម្រិតអប្បបរមា ដែលកំណត់ដោយច្បាប់។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ កន្លងមក
រដ្ឋបាលលោក ត្រាំ ក៏បានរុះរើទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID និងក្រសួងអប់រំអាមេរិក ផងដែរ។
នាយក VOA លោក Michael
Abramowitz បាននិយាយថា រូបលោក ហើយនិងបុគ្គលិកទាំងជាង១៣០០នាក់
ត្រូវបានដាក់ឱ្យឈប់សម្រាក។ ទីភ្នាក់ងារមេរបស់ VOA គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល
ហៅកាត់ USAGM ក៏បានលុបចោលការផ្តល់មូលនិធិ
សម្រាប់វិទ្យុអឺរ៉ុបសេរី (Radio Free Europe/Radio Liberty) ហើយនិង វិទ្យុអាស៊ីសេរី (Radio Free Asia) ថែមទៀតផង៕
Post a Comment