អ្នកជំនាញ UN ចោទអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ និងអំពើហិង្សាផ្លូវភេទនៅហ្គាហ្សា
ប្រភព៖ Reuters
ហ្សឺណែវ៖ របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា តាមរយៈការបំផ្លិចបំផ្លាញជាប្រព័ន្ធនូវផ្នែកថែទាំសុខភាពរបស់ស្ត្រី និងការប្រើប្រាស់អំពើហិង្សាផ្លូវភេទជាយុទ្ធសាស្ត្រសង្គ្រាម។
របាយការណ៍ដដែល
បានចោទប្រកាន់កងកម្លាំងសន្តិសុខអ៊ីស្រាអែល
ពីបទប្រើប្រាស់ការបណ្តេញចេញជាសាធារណៈដោយបង្ខំ
និងអំពើហិង្សាផ្លូវភេទជាផ្នែកមួយនៃនីតិវិធីបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មប្រជាជនប៉ាឡេស្ទីន
បន្ទាប់ពីការវាយប្រហារដែលដឹកនាំ
ដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣។
គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យបានបញ្ជាក់ថា
សកម្មភាពរបស់អ៊ីស្រាអែលក្នុងការបំផ្លាញសមត្ថភាពបន្តពូជរបស់ជនជាតិប៉ាឡេស្ទីន
រួមទាំងការដាក់វិធានការការពារការមានកូន
គឺជាអំពើប្រល័យពូជសាសន៍ស្របតាមលក្ខន្តិកៈទីក្រុងរ៉ូម
និងអនុសញ្ញាស្ដីពីការប្រល័យពូជសាសន៍។ គណៈកម្មការក៏បានលើកឡើងថា
ការកើនឡើងនៃអត្រាមរណភាពមាតា ដោយសារកង្វះសម្ភារវេជ្ជសាស្ត្រ
គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការសម្លាប់រង្គាល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានច្រានចោលការចោទប្រកាន់ទាំងនេះ
ដោយចាត់ទុកថារបាយការណ៍នេះមានភាពលម្អៀង និងប្រឆាំងនឹងសាសន៍យូដា។
លោកបានថ្លែងថា ជំនួសឲ្យការផ្ដោតលើឧក្រិដ្ឋកម្មរបស់ក្រុមហាម៉ាស់
អង្គការសហប្រជាជាតិបែរជាវាយប្រហារអ៊ីស្រាអែល ដោយការចោទប្រកាន់មិនពិត។
អ៊ីស្រាអែលបានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN កាលពីខែកុម្ភៈ៕
Post a Comment