ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក
ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបានពិភាក្សាប្រកបដោយប្រសិទ្ធភាព
លើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន។
កិច្ចប្រជុំនេះបានធ្វើឡើងជាការតាមដានយ៉ាងសំខាន់ចំពោះការពិភាក្សារបស់លោកឯកអគ្គរដ្ឋទូត
Santo ជាមួយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
លោកឯកអគ្គរដ្ឋទូត Santo បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់នគរបាលកម្ពុជាក្នុងការធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនឥណ្ឌូនេស៊ីដែលកំពុងរស់នៅក្នុងប្រទេស។
លោកបានគូសបញ្ជាក់ថា «អាណត្តិសំខាន់មួយនៃការចាត់តាំងរបស់ខ្ញុំនៅទីនេះ គឺជួយសម្រួល និងការពារពលរដ្ឋឥណ្ឌូនេស៊ី។
គោលដៅនេះនឹងមិនអាចសម្រេចបានឡើយ បើគ្មានការសហការខ្លាំងពីនគរបាលកម្ពុជា
ជាពិសេសនគរបាលរាជធានីភ្នំពេញ»។
ដោយមានជនជាតិឥណ្ឌូនេស៊ីជាង ១៣០,០០០ នាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា
ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញបានឃើញការកើនឡើងនៃករណីទាក់ទងនឹងបញ្ហាកុងស៊ុល
ដែលឈានដល់របាយការណ៍ជាង ៣,០០០ ។ ចំនួនដ៏ច្រើននៃករណីទាំងនេះពាក់ព័ន្ធនឹងជនជាតិឥណ្ឌូនេស៊ីដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់
ឬឧក្រិដ្ឋជន ទាំងជនរងគ្រោះ ក៏ដូចជាជនល្មើស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន បានពាំនាំនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា
ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបរទេសទាំងអស់ ដែលរស់នៅក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា
រដ្ឋាភិបាលបានបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
ដូចជាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ ការបង្កើតគណៈកម្មការលុបបំបាត់ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតនាពេលថ្មីៗនេះ
ដែលដឹកនាំផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនេះ។
លោកឯកអគ្គរដ្ឋទូត Santo បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយកត់សម្គាល់ថា ជំហានបែបនេះមានសារៈសំខាន់ក្នុងការការពារផលប្រយោជន៍របស់ជនបរទេសនៅកម្ពុជា
រួមទាំងប្រជាជនឥណ្ឌូនេស៊ីផងដែរ។ ទន្ទឹមនឹងនោះ ដោយទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែនមិនអាចដោះស្រាយដោយប្រទេសមួយដោយខ្លួនឯងបានទេ
លោកឯកអគ្គរដ្ឋទូត Santo
បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីក្នុងការធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជាលើបញ្ហានេះ។
កិច្ចប្រជុំនេះបានបង្កើតឡើងលើកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធដែលបានវិវឌ្ឍន៍រវាងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅភ្នំពេញ
និងនគរបាលរាជធានីភ្នំពេញ។ នៅក្នុងរូបភាពធំជាងនេះ សមិទ្ធិផលបែបនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី
ក៏ដូចជាការលើកកម្ពស់ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់៕
Post a Comment