ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកទឹកចិត្តភាគីចិនពង្រីកគោលដៅហោះហើរមកកម្ពុជា
ហ៊ឺណាន ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ធ្វើទស្សនកិច្ចការងារ ទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន(Henan Airport Investment Group) និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) ប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅនៃសហគ្រាស និងជំរុញការវិនិយោគបន្ថែមទៀតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈជំនួបនេះ គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ ការគាំទ្រវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល និងសក្តានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ភាគីចិនផងដែរ។
មានមតិស្វាគមន៍
លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន
បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តហ៊ឺណាន។
បន្ថែមពីនេះ លោកក៏បានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន
ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួនដែលបានធ្វើពិពិធកម្មប្រកបដោយភាពជាក់ស្តែងនិយម
ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស (Air Silk Road Initiative)។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ
ក្រុមហ៊ុនក៏បានធ្វើការបោះជំហានវិនិយោគនៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
(Air Cambodia)។
ជាការឆ្លើយតប
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចប្រកបដោយមេត្រីភាពរបស់ភាគីមិត្តចិនជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះភាពរីកលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាននិយាយជារួម
និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានិយាយដោយឡែក
ដែលបានជះផលវិជ្ជមានមកលើការអភិវឌ្ឍសហគមន៍វាសនារួមកម្ពុជា-ចិន។
ស្របគ្នានេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានលើកទឹកចិត្តភាគីមិត្តក្នុងការពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន
និងប្រជាជន (People to People - P2P) ជាពិសេសការតភ្ជាប់រវាងធុរជន
និងធុរជន (Business to Business - B2B) និងដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណាន
មកទស្សនាកម្ពុជាឱ្យបាន១លាននាក់ ក្នុងឆ្នាំ២០២៥នេះ។ បន្ថែមពីនេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញលោកអគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន
និងសហការីពិនិត្យលទ្ធភាព និងឱកាសក្នុងការមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា
ដើម្បីពង្រឹង
និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀតតាមរយៈការឆក់យកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល
និងស្របតាមឯកទេសរបស់ក្រុមហ៊ុន។ សូមជម្រាបជូនថា
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន
គឺជាសហគ្រាសរដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម,
ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា,
ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។
ក្នុងឱកាសនេះដែរ
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ិត វិជិត
នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
បានជម្រាបជូនអំពីសក្តានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ខណៈដែល អ្នកឧកញ៉ា គួន ធីតា
សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា បានលើកឡើងអំពីបរិយាកាសធុរកិច្ច
និងការវិនិយោគនៅកម្ពុជា ដែលមានអំណោយផលខ្ពស់ចំពោះការវិនិយោគឯកជន៕
Post a Comment