សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ ពិសេសយុវជន កុំយកបណ្តាញសង្គមជាវេទិកាជេរប្រមាថគ្នា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម មិនថាFacebook ឬ TikTok ក្តី ធ្វើជាវេទិកាជេរប្រមាថគ្នា ខណៈពេលដែលមានអ្វីកើតឡើង មិននិយាយគ្នាដោះស្រាយបញ្ហា បែជាយកទៅដាក់លើបណ្តាញសង្គម បង្ករការស្មុកស្មាញដល់អ្នកដទៃ ។
ក្នុងឱកាសអញ្ជើញជាអធិបតី “ទិវាវប្បធម៌ជាតិ
៣មីនា លើកទី២៧ ឆ្នាំ២០២៥” និងសំណេះសំណាល ជាមួយសិល្បករសិល្បការិនីទូទាំងប្រទេស
លើកទី៦ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើមានរឿងអ្វីបន្តិចបន្តួចរវាងគ្នានឹងគ្នា
ត្រូវរួមគ្នាដោះស្រាយភ្លាមៗឱ្យបានឆាប់ កុំបាច់រំខានអ្នកដទៃ
ឬពឹងពាក់ស្វះស្វែងរកអន្តរាគមន៍ ពីអ្នកដទៃនោះឡើយ ។
សម្តេចធិបតី មានប្រសាសន៍ថា
“ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋយើង ជាពិសេសយុវជន ការប្រើប្រាស់ប្រព័ន្ធ Social
Media ការប្រាស់ Facebook ការប្រើប្រាស់ TikTok
ជាមធ្យោបាយល្អ ក្នុងការផ្សព្វផ្សាយ ប៉ុន្តែសូមពិចារណា
សូមកុំឱ្យយកឧបករណ៍ ទៅជាមិត្តជិតស្និទរបស់យើង ដែលយើងផ្តាច់ទំនាក់ទំនងការនិយាយគ្នា
ជាមួយអ្នកដែលនៅជុំវិញខ្លួនយើង ជាពិសេសពេលដែលមានហេតុការណ៍ យើងលែងនិយាយគ្នា
ដោះស្រាយបញ្ហា សូមឱ្យប្រកាន់នូវអភិក្រម មានអ្វីនិយាយគ្នា ដោះស្រាយគ្នា
រួមគ្នាខ្មែរជាខ្មែរទៅ” ។
ការលើកឡើងរបស់សម្តេចធិបតី
ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានសម្តេចចាត់ទុកជារឿងចាំបាច់ ខណៈដែលបានកើងឡើង
និងបានឃើញរាល់ថ្ងៃនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ។
សម្តេចធិតី បន្ថែមថា “ហើយរឿងខ្លះ អត់ធំសោះ
តែវិវត្តន៍ទៅជាធំ ដោយអ្នកពាក់ព័ន្ធមិននិយាយគ្នា ឈ្នះរៀងៗខ្លួនទីបំផុត
គឺធ្វើឱ្យមហាជនកាន់តែវល់ កាន់តែស្មុកស្មាញអារម្មណ៍ផ្លូវចិត្ត
ឃើញតែរឿងប្រទាក់ក្រឡាគ្នា ហើយពេលខ្លះ ជេដល់ទៅរាជរដ្ឋាភិបាលទៅទៀត អត់ទាំងដឹងអីផង” ។
សម្តេចធិបតី ក៏បានសូមយកឱកាស
ដែលពាក់ព័ន្ធសិល្បធម៌ និងវប្បធម៌ ដែលជាមូលដ្ឋាននៅក្នុងការរស់នៅប្រចាំថ្ងៃ
ដោយឱ្យចូលរួមថែរក្សាអំពីវប្បធម៌ នៃការប្រាស្រ័យទាក់ទងគ្នា ការនិយាយគ្នា
រវាងប្រជាជន និងប្រជាជន ដោយកុំជេគ្នា មានអ្វីនិយាយគ្នា កុំដាក់តាម Facebook
ឱ្យអ្នកមិនដឹងរឿងមកក្តៅក្រហាយជាមួយ
ដោយត្រូវនិយាយគ្នាដោះស្រាយជាមួយគ្នា រកវិធីនិយាយគ្នា
ឱ្យឆាប់បញ្ចប់រឿងដោយការយោគយល់គ្នា៕
Post a Comment