ត្រាំ អះអាងថា កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ស្ថិតក្នុងកម្រិតគ្រប់គ្រងមួយ

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងកម្រិតគ្រប់គ្រងមួយ។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយនៅលើយន្តហោះ Air Force One លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ការពិភាក្សាដោយសមហេតុផល រួមជាមួយនឹងទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី គឺជាកត្តាសំខាន់ក្នុងការឈានទៅរកដំណោះស្រាយសន្តិភាព សម្រាប់សង្គ្រាមដែលកំពុងបន្ត។

កាលពីសប្តាហ៍កន្លងទៅ លោក ត្រាំ បានរៀបចំកិច្ចពិភាក្សាដាច់ដោយឡែកជាមួយមេដឹកនាំទាំងពីរ ដោយផ្តោតលើការស្វែងរកផ្លូវបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើង បន្ទាប់ពីការបញ្ជាឱ្យមានការឈ្លានពានពេញលេញ ពីសំណាក់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែនក្នុងឆ្នាំ ២០២២។

កិច្ចចរចាទាំងនេះ ទោះបីជាមិនបានសម្រេចតាមគោលដៅដំបូងរបស់លោក ត្រាំ ក្នុងការធានាបាននូវបទឈប់បាញ់ពេញលេញរយៈពេល ៣០ ថ្ងៃក៏ដោយ ក៏បាននាំឱ្យលោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនសម្រាប់រយៈពេលមួយខែ។ ស្របពេលនោះ លោក ហ្សេលេនស្គី ក៏បានបង្ហាញការយល់ព្រមចំពោះការផ្អាកប្រតិបត្តិការយោធាស្រដៀងគ្នានេះផងដែរ៕



 

Powered by Blogger.