ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច ចុះពិនិត្យការជួសជុលកែលម្អស្ពានចំណាស់ទ្រុឌទ្រោមនៅឃុំឫស្សីស្រុកខាងកើត

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច អមដំណើរដោយ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក លោកអភិបាលរងស្រុក និងសហការី បានអញ្ជើញចុះត្រួតពិនិត្យក្រុមជាងដែលកំពុងធ្វើការជួសជុលកែលម្អស្ពានចំណាស់ទ្រុឌទ្រោមឡើងវិញ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត។

ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានចាត់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងជាប្រធានក្រុមការងារពិសេស និងមានការចូលរួមសម្របសម្រួលពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានផ្ដល់បច្ចេកទេស និងគ្រឿងចក្រសម្រាប់ធ្វើការជួសជុលកែលម្អ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតប្រធានក៏បានឧបត្ថម្ភថវិកាសរុបចំនួន ៥០០,០០០រៀល ដល់ក្រុមជាងដែលកំពុងជួសជុលផងដែរ។

សូមបញ្ជាក់ថា ស្ពានទាំងពីរខាងលើស្ថិតក្នុងកំណាត់ផ្លូវលេខ១៦១ មានប្រវែង១៥.៤០ គីឡូម៉ែត្រ ដែលបានសិក្សារួចរាល់ នឹងត្រៀមស្ថាបនា នាពេលឆាប់ៗខាងមុខនេះក្រោមគម្រោងកែលម្អផ្លូវជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ដោយត្រូវក្រាលកៅស៊ូ ២ជាន់៕









Powered by Blogger.