ត្រាំ គំរាមយកពន្ធថែមទៀត ក្រោយសហភាពអឺរ៉ុប និងកាណាដា ចាត់វិធានការឆ្លើយតប

ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងធ្វើឱ្យមានសង្គ្រាមពាណិជ្ជកម្មសកលកាន់តែខ្លាំង ជាមួយនឹងការយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុប (EU) ខណៈដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិកបាននិយាយថា ពួកគេនឹងសងសឹកចំពោះរបាំងពាណិជ្ជកម្មដែលលោក ត្រាំ ដាក់ចេញរួចហើយនោះ។​

កាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតដល់សហរដ្ឋអាមេរិក បានប្រកាសពន្ធសងសឹក ២៥ភាគរយលើលោហធាតុទាំងនោះ រួមជាមួយនិងកុំព្យូទ័រ ឧបករណ៍កីឡា ក៏ដូចជាផលិតផលផ្សេងទៀតមានតម្លៃសរុប ២០ពាន់លានដុល្លារ។ កាណាដា​ ក៏បាន​ដាក់​ពន្ធ​ដែល​មានតម្លៃ​ប្រហាក់ប្រហែល​គ្នា​លើ​ទំនិញ​អាមេរិក​រួច​ហើយ​ នៅក្នុង​ការ​ឆ្លើយ​តប​នឹង​ការដាក់ពន្ធ​របស់​លោក ត្រាំ ផងដែរ។

វិធានការដាក់ពន្ធគយរបស់លោក ត្រាំ បានធ្វើឱ្យអ្នកវិនិយោគ អ្នកប្រើប្រាស់ និងទំនុកចិត្តអាជីវកម្មមានភាពរង្គោះរង្គើ ហើយបង្កើនការភ័យខ្លាចពីការធ្លាក់ចុះសេដ្ឋកិច្ច។

ប៉ុន្មានម៉ោងបន្ទាប់ពីពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកកាន់សហរដ្ឋអាមេរិក បានចូលជាធរមាន លោក ត្រាំ និយាយថា លោកនឹងចាត់វិធានការថែមទៀត ប្រសិនបើ EU អនុវត្តផែនការប្រឆាំងនឹងទំនិញមួយចំនួនរបស់អាមេរិកវិញ នៅខែក្រោយ៕



 


Powered by Blogger.