អាជ្ញាធរខេត្តមណ្ឌលគិរី នាំអំណោយជំនួយសង្រ្គោះបន្ទាន់របស់រាជរដ្ឋាភិបាល ផ្តល់ជូនពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ១០០គ្រួសារ នៅស្រុកកែវសីមា

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ដើម្បីជួយសម្រាលនូវការខ្វះខាត របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត បានចុះជួបសំណេះសំណាល និងនាំយកអំណោយជំនួយសង្រ្គោះបន្ទាន់របស់រាជរដ្ឋាភិបាល ជូនដល់ចាស់ជរា ជនពិការ កុមារកំព្រា និងស្រ្តីមេម៉ាយចំនួន ១០០គ្រួសារ ស្ថិតនៅសាលាស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត បានពាំនាំនូវក្តីនឹករលឹកពីសំណាក់សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជួបនូវការលំបាក ខ្វះខាត គ្មានទីពឹង និងជនមានពិការភាព។ ជាក់ស្តែង នាពេលនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់រាជរដ្ឋបាលភិបាលកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ១០០គ្រួសារ នៅស្រុកកែវសីមា ដើម្បីជួយសម្រួលនូវការខ្វះខាតបានមួយកម្រិត។ 

លោក បន្ថែមថា ស្របតាមផែនការយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយជីវភាពរស់នៅ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រាជរដ្ឋាភិបាល បានបង្កើតយន្តការជាច្រើន តាមរយៈការរកសេវាផ្នែកច្បាប់ សេវាស្ដារលទ្ធភាពពលកម្ម សេវាស្ដារនីតិសម្បទា សេវាផ្លូវចិត្ដ សេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពជូនគាត់ និងមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធ-អតិផរណា ក្នុងគោលបំណងចូលរួមលើកស្ទួយ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា។ 

លោក អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែទាំសុខភាពឲ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ត្រូវខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗ និងចិញ្ចឹមសត្វ ដើម្បីឲ្យជីវភាពរស់នៅបានសមរម្យ ជាពិសេស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ ៕










Powered by Blogger.