ហេតុការណ៍ខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅស្ទើរទូទាំងខេត្តសៀមរាប បណ្ដាលឲ្យប៉ះពាល់ផ្ទះសម្បែងពលរដ្ឋ រងរបួសមនុស្ស និងដួលដើមឈើ
ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ខេត្តសៀមរាប បានជួបឧបទ្ទេវហេតុខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅស្ទើរគ្រប់ក្រុង ស្រុកទូទាំងខេត្តសៀមរាប បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ រងរបួសជាច្រើននាក់ និងដួលដើមឈើជាច្រើនកន្លែងផងដែរ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ
ហួត សុធី បានប្រាប់ឲ្យដឹងថា ហេតុការណ៍ខ្យល់កន្ដ្រាក់នេះបានប៉ះពាល់ដល់មូលដ្ឋានក្រុង
ស្រុក ចំនួន១០ ក្នុងនោះរួមមាន៖ ក្រុងសៀមរាប, ស្រុកពួក,
ស្រុកប្រាសាទបាគង, ស្រុកជីក្រែង, ក្រុងរុនតាឯក, ស្រុកអង្គរជុំ, ស្រុកស្វាយលើ, ស្រុកអង្គធំ, ស្រុកបន្ទាយស្រី និងស្រុកសូត្រនិគមន្ដ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តសៀមរាប
គិតត្រឹមម៉ោង៩យប់ បានបញ្ជាក់ថា ឧបទ្ទេវហេតុខ្យល់កន្ដ្រាក់នេះ បានបង្កឲ្យប៉ះពាល់
និងខូចខាតដូចខាងក្រោម៖
ទី១៖ ប្រជាពលរដ្ឋប៉ះពាល់ ចំនួន១៧៨គ្រួសារ
ទី២៖ ខូចខាតផ្ទះសម្បែង (រលំផ្ទះ/ទ្រេត) សរុបចំនួន១១ខ្នង
ទី៣៖ ប៉ះពាល់ផ្ទះសម្បែង (របើកដំបូល និងសំយាបផ្ទះ) សរុបចំនួន១៦០ខ្នង
ទី៤៖ ប៉ះពាល់ដំបូលព្រះវិហារ ចំនួន១ខ្នង
ទី៥៖ ប៉ះពាល់អគាររដ្ឋបាល ចំនួន២ខ្នង
ទី៦៖ ប៉ះពាល់ដំបូលបន្ទប់ទឹកសាធារណៈ ចំនួន២ខ្នង
ទី៧៖ ប៉ះពាល់រោង/តូប ចំនួន៦កន្លែង
ទី៨៖ រលំ/បាក់ដើមឈើ ចំនួន៧១ដើម
ទី៩៖ បណ្តាលឲ្យរបួស៧នាក់ (ស្រី៣នាក់) និងពុំមានអ្នកស្លាប់
ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលម្អផ្លូវ, រលំ-បាក់មែកឈើលើដងផ្លូវផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សោភ័ណ
អភិបាលខេត្តសៀមរាប បានបង្ហាញការសោកស្តាយយ៉ាងពន់ពេក
ចំពោះបាតុភូតខ្យល់កន្ត្រាក់បក់បោកចូលដល់ក្រុង និងស្រុកមួយចំនួន។ លោកបញ្ជាក់ថា
រដ្ឋបាលខេត្ត សហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
នឹងចុះពិនិត្យជួយឲ្យអស់លទ្ធភាព។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត
ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ
ដែលបានយកចិត្តទុកដាក់ខ្ពស់មើលថែទាំអ្នករងរបួសទាំងអស់ទាន់ពេលវេលា
ក៏សូមអរគុណដល់ស្នងការដ្ឋាន កម្លាំងទាំងអស់ដែលបានជួយសំអាត
រក្សាស្ថានភាពផ្លូវឲ្យល្អដូចដើមដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
និងភ្ញៀវទាំងអស់៕
Post a Comment