ពូទីន ព្រមឈប់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ៣០ថ្ងៃ តែមិនទទួលយកបទឈប់បាញ់ពេញលេញនៅអ៊ុយក្រែន
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ជាបណ្ដោះអាសន្ន តែមិនបានទទួលយកបទឈប់បាញ់ពេញលេញមួយមានរយៈពេល៣០ថ្ងៃ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សង្ឃឹមថានឹងក្លាយជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រយ៍មួយ នោះឡើយ។
ព្រមពេលជាមួយគ្នា វិមានក្រឹមឡាំង
បានលើកឡើងពីការព្រួយបារម្ភថាបទឈប់បាញ់បណ្ដោះអាសន្នមួយអាចនឹងអនុញ្ញាតឱ្យអ៊ុយក្រែនបំពាក់អាវុធឡើងវិញ
និងកែនកងទ័ពបន្ថែម ហើយថែមទាំងសង្កត់ធ្ងន់ពីសំណើរបស់លោក ពូទីន
ដែលទាមទារឱ្យមានការបញ្ឈប់ការផ្ដល់ជំនួយយោធា
និងព័ត៌មានស៊ើបការណ៍សម្ងាត់សម្រាប់អ៊ុយក្រែនផងដែរ។
អ៊ុយក្រែន
បាននិយាយថាខ្លួននឹងគាំទ្រដល់បទឈប់បាញ់មិនពេញលេញខាងលើ ដែលនឹងតម្រូវឱ្យទាំងរុស្ស៉ី
និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធថាមពលគ្នា
ទៅវិញទៅមករយៈពេលមួយខែ។ ក្រុមអ្នកជំនាញយល់ថាលោក ពូទីន
មិនព្រមទទួលយកបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃស្នើឡើងដោយសហរដ្ឋអាមេរិក គឺអាចជា
ចេតនាមួយក្នុងការកេងចំណេងពេលវេលា
ក្នុងពេលដែលកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។
សេតវិមាន
ក៏បានឱ្យដឹងដែរថាកិច្ចចរចាស្ដីពីផែនការសន្តិភាពនឹងត្រូវចាប់ផ្ដើមភ្លាមៗ
បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃអង្គារ។
តែមិនទាន់ច្បាស់ថាតើកិច្ចចរចាទាំងនោះនឹងមានវត្តមានអ៊ុយក្រែនចូលរួមដែរឬក៏យ៉ាងណានោះទេ។
ចំណែក វិមានក្រឹមឡាំងវិញបាននិយាយថាលោក ពូទីន បានចេញបញ្ជាឱ្យ
យោធារុស្ស៉ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន
ក្រោយឈានដល់ការឯកភាពគ្នាជាមួយលោក ត្រាំ៕
Post a Comment