Netanyahu ៖ ការវាយប្រហារសម្លាប់មនុស្សជាង ៤០០នាក់ នៅហ្កាហ្សា គ្រាន់តែជាការចាប់ផ្ដើម

 ប្រភព៖ AFP

ប៉ាឡេស្ទីន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាដែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយ លោក Netanyahu បានព្រមានដូច្នេះថា «ហាម៉ាសបានដឹងពីអំណាចរបស់យើងក្នុងពេល២៤ម៉ោងកន្លងទៅនេះ។ ខ្ញុំសូមព្រមានថានេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ...ហើយចាប់ពីឥលូវតទៅកិច្ចចរចានឹងត្រូវធ្វើឡើងនៅក្រោមកាណុងកាំភ្លើង រីឯសម្ពាធយោធាជារឿងសំខាន់បំផុតសម្រាប់ការដោះលែងចំណាប់ខ្មាំង បន្ថែមទៀត»

តាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលធ្វើឡើងក្នុងលក្ខខណៈទ្រង់ទ្រាយធំបំផុតមួយចាប់តាំងពីបទឈប់បាញ់មួយចូលជាធរមាន កាលពីខែមករាមក បានសម្លាប់មនុស្សជាង ៤០០នាក់ នៅទូទាំងតំបន់ហ្កាហ្សា។ ប៉ុន្តែ លោក Netanyahu បាននិយាយថាការវាយប្រហារនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។

អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល ខណៈក្រុមគ្រួសារសាច់ញាតិចំណាប់ខ្មាំងអ៊ីស្រាអែល ទទូចសុំឱ្យលោក Netanyahu បញ្ឈប់អំពើហិង្សាដោយសារបារម្ភពីអនាគតមនុស្សជាទីស្រឡាញ់របស់ពួកគេដែលកំពុងជាប់ឃុំនៅហ្កាហ្សា៕



Powered by Blogger.