Bill Gates ព្រមានថា មូលនិធិរបស់លោកមិនអាចបំពេញចន្លោះខ្វះខាត នៅក្នុងការផ្តល់មូលនិធិសុខភាពសកល របស់អាមេរិកបានទេ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ មហាសេដ្ឋី Bill Gates បានធ្វើការបញ្ចុះបញ្ចូលមន្ត្រីរដ្ឋបាល ត្រាំ ឱ្យបន្តផ្តល់មូលនិធិដល់កម្មវិធីសុខភាពទូទាំងពិភពលោក ដែលគ្របដណ្តប់លើការចាក់វ៉ាក់សាំងកុមារ និងការព្យាបាលជំងឺអេដស៍ ដោយព្រមានថាមូលនិធិរបស់លោក មិនអាចបំពេញចន្លោះខ្វះខាត ដែលបណ្តាលមកពីការកាត់បន្ថយថវិកាទាំងនោះបានទេ។
ប្រភពបានឱ្យដឹងថា លោក Gates
ដែលជាមហាសេដ្ឋីសហស្ថាបនិកក្រុមហ៊ុន Microsoft និងបច្ចុប្បន្នជាអ្នកសប្បុរសធម៌ដ៏ធំក្នុងវិស័យសុខភាពពិភពលោក
បានជួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ក៏ដូចជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ
និងប្រជាធិបតេយ្យ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ
ដើម្បីជំរុញឱ្យមានការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ។
អ្នកនាំពាក្យមូលនិធិ Bill
& Melinda Gates បានបញ្ជាក់ថា លោក Bill Gates ថ្មីៗនេះបានទៅទីក្រុងវ៉ាស៊ីនតោន DC ដើម្បីជួបជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្ត។
លោកបានពិភាក្សាពីសារៈសំខាន់នៃជំនួយអន្តរជាតិរបស់អាមេរិកក្នុងការសង្គ្រោះជីវិត
និងតម្រូវការផែនការយុទ្ធសាស្ត្រដើម្បីការពារជនងាយរងគ្រោះបំផុតរបស់ពិភពលោក
ព្រមទាំងការពារសុខភាពនិងសន្តិសុខរបស់អាមេរិក។
ប្រភពបានបន្តទៀតថា លោក Gates
បានប្រាប់មន្ត្រីដែលលោកបានជួបថា
មូលនិធិរបស់លោកមិនមានលទ្ធភាពជំនួសតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្នុងការផ្តល់ជំនួយទាំងនេះទេ។ នាយកប្រតិបត្តិមូលនិធិ Gates ក៏បានបញ្ជាក់ជាសាធារណៈដែរថា
គ្មានអង្គការសប្បុរសធម៌ណាមួយមានសមត្ថភាពបំពេញចន្លោះនេះបានឡើយ។
សូមជម្រាបថា
ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា ប្រធានាធិបតី លោក ដូណាល់
ត្រាំ បានចាត់វិធានការកែប្រែរចនាសម្ព័ន្ធទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ
(USAID)
ដោយកាត់បន្ថយថវិកាកិច្ចសន្យាជាង ៨០%
និងបង្កកប្រាក់រាប់ពាន់លានដុល្លារដែលបម្រុងទុកសម្រាប់ជំនួយស្បៀងអាហារបន្ទាន់
រហូតដល់កម្មវិធីការពារជំងឺគ្រុនចាញ់។
ប្រភពមួយបានបន្ថែមថា
រដ្ឋបាលត្រាំតាមរយៈក្រសួងការបរទេស ក៏កំពុងពិនិត្យឡើងវិញនូវប្រភេទជំនួយបរទេសណាខ្លះ
ដែលនឹងបន្តស្ថិតក្រោមគោលនយោបាយ America First របស់ខ្លួន
ដោយមានគម្រោងសុខភាពពិភពលោកប្រមាណ ៣០ ត្រូវបានដាក់បញ្ចូលសម្រាប់ការពិចារណាផងដែរ៕
Post a Comment