វិមានក្រឹមឡាំង៖ បទឈប់បាញ់អ៊ុយក្រែនដែលស្នើដោយអាមេរិក មិនចំណេញអ្វីសម្រាប់រុស្ស៉ីទេ តែវានឹងផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ
ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង លោក Yuri Ushakov បានលើកឡើងថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់សហរដ្ឋអាមេរិក នឹងមិនផ្តល់ផលប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញនឹងផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ។
ការលើកឡើងនេះ
ធ្វើឡើងបន្ទាប់ពីកងកម្លាំងរុស្ស៊ីទទួលបានជោគជ័យ
ក្នុងការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានផ្លាស់ប្តូរគោលនយោបាយ ដោយចាប់ផ្តើមចរចាទ្វេភាគីជាមួយរុស្ស៊ី
និងផ្អាកជំនួយយោធាដល់អ៊ុយក្រែន។ ទោះបីជាអាមេរិកបន្តផ្តល់ជំនួយឡើងវិញ
ក្រោយកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីតក៏ដោយ ក៏លោក Ushakov បានបញ្ជាក់ថា សំណើបទឈប់បាញ់ត្រូវតែកែប្រែដើម្បីផលប្រយោជន៍រុស្ស៊ី។
បេសកជនពិសេសរបស់លោក ត្រាំ គឺ លោក Steve
Witkoff កាលពីថ្ងៃព្រហស្បតិ៍
បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាអំពីសំណើបទឈប់បាញ់នៅអ៊ុយក្រែ
ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្ដែងក្តីសង្ឃឹមថា
រុស្ស៊ីនឹងយល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលអ៊ុយក្រែនបានគាំទ្រ។
ទោះជាយ៉ាងណា លោក Yuri
Ushakov ដែលជាអតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន
និងជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក ពូទីន
បានថ្លែងទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ីថា លោកបាននិយាយជាមួយលោក Waltz កាលពីថ្ងៃពុធ ដើម្បីបញ្ជាក់ជំហររបស់រុស្ស៊ីថា
បទឈប់បាញ់មិនគួរគ្រាន់តែជាការផ្អាកដើម្បីឲ្យយោធាអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញនោះទេ
ហើយសំណើនេះត្រូវតែកែប្រែដើម្បីគិតគូរពីផលប្រយោជន៍របស់រុស្ស៊ី។
លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ «គ្មានផ្តល់អ្វីសោះសម្រាប់រុស្ស៊ី»
ក្រៅតែពីឱកាសឲ្យអ៊ុយក្រែន «ប្រមូលផ្តុំកម្លាំងឡើងវិញ»។
ទោះជាយ៉ាងណា លោក Ushakov
មិនបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកទាំងស្រុងនោះទេ
ដោយបញ្ជាក់ថាប្រធានាធិបតី ពូទីន
ទំនងនឹងថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅពេលក្រោយ
ហើយបញ្ជាក់ពីជំហររបស់រុស្ស៊ីឲ្យបានលម្អិតបន្ថែមទៀត។
លោកបានសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងម៉ូស្គូគឺ «ដំណោះស្រាយសន្តិភាពយូរអង្វែងដែលគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសយើង
និងកង្វល់ដែលយើងបានលើកឡើងជាញឹកញាប់»៕
Post a Comment