មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្ត

អត្ថបទ៖ ទឹង សុភាព  

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥  និងលើកទិសដៅការងារអនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួមពី ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ សរុប ២៣ រូបនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុបានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលេីកទិសដៅការងារអនុវន្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទ ជូនអង្គប្រជុំ។

លោកជំទាវ គង់ សុធីរីរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹករលឹក សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី   ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីជានិច្ច   និងបានឯកភាពលេីរបាយការណ៍ដែលមន្ទីរបានលេីកឡេីង។លោកជំទាវរដ្ឋលេខាធិការ បានណែនាំដល់មន្រ្តីទាំងអស់នៃមន្ទីរ ធ្វេីការសិក្សា និងស្វែងយល់ឱ្យច្បាស់ពីកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង នាឆ្នាំ២០២៥នេះ គឺ

ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ 

ទី២. ការលេីកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ 

ទី៣. ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ

ទី៤. ការលេីកកម្ពស់ការធ្វេីពិពិធកម្មសេដ្ឋកិច្ចជនបទ 

ទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់មន្ទីរ ដូចតទៅ

-រក្សាឱ្យបានទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរដែនដី ក្រុមប្រឹក្សា គ្រប់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធនានា

-រក្សាឱ្យបាននូវសីលធម៌ សុជីវធម៌ និងគុណធម៌របស់ខ្លួន  ក្នុងនាមជាមន្រ្តីរាជការ

-ខិតខំពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ   ជាពិសេសផ្នែកឌីជីថល

-បន្ដពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង

-ចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលការងាររបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយ

-រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ

-លើកទឹកចិត្តមន្ត្រីឱ្យខិតខំបំពេញការងារ និងគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង

-រក្សាឱ្យបានអនាម័យល្អ និងបរិស្ថានការងារស្អាត នៅក្នុងមន្ទីរ៕










Powered by Blogger.