ប្រធានាធិបតីប៉ូឡូញជំរុញឲ្យអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន
វ៉ារស្សាវ៉ា៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីប៉ូឡូញ ដើម្បីជាការរារាំងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។
លោក Duda បានប្រាប់កាសែតថា
លោកបានពិភាក្សាសំណើនេះជាមួយ លោក Keith Kellogg ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក
ទទួលបន្ទុកកិច្ចការអ៊ុយក្រែននិងរុស្ស៊ី។
ប៉ូឡូញ ធ្លាប់បានបង្ហាញពីការត្រៀមខ្លួន
ក្នុងការទទួលយកអាវុធនុយក្លេអ៊ែររបស់អាមេរិក
ក្រោមកម្មវិធីចែករំលែកអាវុធនុយក្លេអ៊ែរ (nuclear sharing program)។ អ្នកបង្កើតគោលនយោបាយប៉ូឡូញ
ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីបារាំង
លោក Emmanuel Macron ក្នុងការពង្រីកឆ័ត្រនុយក្លេអ៊ែររបស់បារាំង
ឲ្យគ្របដណ្ដប់លើសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។
លោក Duda បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ
FT ថា
"ព្រំដែនរបស់ណាតូបានផ្លាស់ប្ដូរទៅទិសខាងកើតក្នុងឆ្នាំ ១៩៩៩ ដូច្នេះ
២៦ ឆ្នាំក្រោយមក ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូក៏គួរតែផ្លាស់ប្ដូរទៅទិសខាងកើតផងដែរ។
សម្រាប់ខ្ញុំ នេះគឺជាក់ស្តែង"។ លោកបានបន្ថែមថា
វានឹងមានសុវត្ថិភាពជាង ប្រសិនបើអាវុធទាំងនោះមាននៅក្នុងប្រទេសរួចហើយ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald
Tusk ដែលជាគូប្រជែងនយោបាយរបស់ប្រធានាធិបតី Duda បានសម្តែងការប្រុងប្រយ័ត្នចំពោះសំណើរសើបបែបនេះ
ដោយលោកបានជំរុញឲ្យមានការដោះស្រាយបញ្ហានេះតាមបណ្តាញការទូត
ជាជាងការពិភាក្សាជាសាធារណៈ ហើយរង់ចាំការឆ្លើយតបជាវិជ្ជមានពីរដ្ឋបាល
ត្រាំ៕
Post a Comment