ប្រធានសមាគមទេសចរណ៍កម្ពុជារំពឹងយ៉ាងមុតមាំថា ឆ្នាំនេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំមុន ក្រោយដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ
ខេត្តកណ្តាល៖ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញមោទនភាព ក្នុងនាមប្រតិបត្តិករទេសចរ ក្រោយពីបានដឹកនាំសមាជិក សមាគមទេសចរណ៍កម្ពុជា ប្រមាណ២០០នាក់ ទស្សនកិច្ចសិក្សា អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាសំណង់ដ៏អស្ចារ្យថ្មី នៅលើទឹកដីកម្ពុជា។
លោកជំទាវប្រធានសមាគម បានបង្ហាញក្តីរំពឹងយ៉ាងខ្លាំងថា កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ នឹងទាក់ទាញភ្ញៀវទេសចរ បានច្រើនជាងឆ្នាំ២០២៤កន្លងទៅ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ខណៈអាកាសយានដ្ឋានថ្មីនេះ ជាលំដាប់ថ្នាក់ 4F ដែលមានសមត្ថភាពទទួលយន្តហោះធំៗ ធ្វើការចុះចតបាន មកពីគ្រប់ទិសទី នៅលើពិភពលោក។
លោកជំទាវ ឆាយ ស៊ីវលីន បញ្ជាក់ថា នៅពេលមានលំហូរភ្ញៀវទេសចរកើនឡើង នឹងហុចផងទាំងផ្ទាល់ និងមិនផ្ទាល់ ទៅដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈការផ្តល់ការងារជាច្រើន ក្នុងផ្នែកសេវាកម្ម ដែលពាក់ព័ន្ធនឹងការបម្រើភ្ញៀវទេសចរ ក្នុងនោះនឹងហុចផល ដល់វិស័យកសិកម្មរបស់ផងដែរ។
លោកជំទាវប្រធានសមាគមបន្តថា សមាគមទេសចរណ៍កម្ពុជា នឹងយករូបភាព និងព័ត៌មានស្តីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅធ្វើការផ្សព្វផ្សាយតាមកម្មវិធីពិព័រណ៍ធំៗកម្រិតពិភពលោក ជាពិសេសនៅខែមីនាខាងមុខ នឹងយកទៅផ្សព្វផ្សាយនៅក្នុងកម្មវិធីពិព័រណ៍ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើន មកទស្សនាកម្សាន្តប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានចាត់ទុកប្រតិបត្តិករទេសចរ ពិតជាមានតួនាទីសំខាន់ មិនអាចខ្វះបាន ក្នុងការដឹកនាំភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា។
លោកឧកញ៉ា បានបញ្ជាក់ថា ក្រុមហ៊ុន CAIC និងសមាគមទេសចរណ៍កម្ពុជា បានប្តេជ្ញាថា នឹងខិតខំជាមួយគ្នា ក្នុងការធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរ មកកាន់កម្ពុជា ក្នុងឆ្នាំ២០២៥នេះ ឱ្យបានច្រើនជាងឆ្នាំ២០២៤កន្លងទៅ។
ដោយឡែកលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ក្នុងឆ្នាំ ២០២៤ កើនឡើង២៣ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ដោយភ្ញៀវទេសចរពេញនិយមបំផុត គឺមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសផ្សេងទៀតក្នុងទ្វីបអឺរ៉ុប៕







Post a Comment