វិមានក្រឹមឡាំង បដិសេធមិនបញ្ជាក់ពីការសន្ទនាតាមទូរសព្ទរវាង ពូទីន និង ត្រាំ
ប្រភព៖ Reuters
ម៉ូស្គូ៖ វិមានក្រឹមឡាំង បានបដិសេធមិនបញ្ជាក់ ឬបដិសេធថាតើ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះទេ ជុំវិញការស្វែងរកដំណោះស្រាយចំពោះសង្គ្រាមនៅអ៊ុយក្រែន។
ភាពមិនច្បាស់លាស់នេះ
កើតឡើងចំពេលមានការរាយការណ៍ អំពីទំនាក់ទំនងដោយផ្ទាល់ ជាលើកដំបូ
រវាងមេដឹកនាំនៃមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីរ កាលពីថ្ងៃអាទិត្យ។ ភាពមិនច្បាស់លាស់នេះ
បានបង្កើនការងឿងឆ្ងល់អំពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ចំពោះសង្រ្គាមនៅអ៊ុយក្រែន។
លោក ត្រាំ ធ្លាប់បានសន្យាថានឹងបញ្ចប់សង្រ្គាមនេះ ប្រសិនបើលោកជាប់ឆ្នោត
ប៉ុន្តែមិនទាន់បានបញ្ជាក់ពីផែនការជាក់លាក់ណាមួយនៅឡើយទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry
Peskov បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូនៅថ្ងៃចន្ទនេះ
ជុំវិញសំណួរអំពីកាសន្ទនាតាមទូរសព្ទរវាងលោក ពូទីន និងលោក ត្រាំ ថា «គ្មានអ្វីផ្សេងទៀតដែលខ្ញុំអាចនិយាយបានទេ។ ខ្ញុំមិនអាចបញ្ជាក់
ឬបដិសេធវាបានទេ»។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air
Force One កាលពីថ្ងៃអាទិត្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក
បានអះអាងពីវឌ្ឍនភាពក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែន
ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិត អំពីទំនាក់ទំនងណាមួយ ជាមួយប្រធានាធិបតី
រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
នៅពេលត្រូវបានសាកសួរថា តើលោកបាននិយាយជាមួយលោក
ពូទីន ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឬមុន នេះដែរឬទេ លោក ត្រាំ
បានត្រឹមឆ្លើយយ៉ាងខ្លីថា «ខ្ញុំបានធ្វើវា។
សូមនិយាយថា ខ្ញុំបាន...ហើយ ខ្ញុំរំពឹងថានឹងមានការសន្ទនាជាច្រើនទៀត។
យើងត្រូវតែបញ្ចប់សង្រ្គាម»។ លោកបាន បញ្ជាក់បន្ថែម ថា «ប្រសិនបើយើងកំពុងនិយាយគ្នា
ខ្ញុំមិនចង់ជម្រាបអ្នកអំពីខ្លឹមសារនៃការសន្ទនានោះទេ»៕

Post a Comment