ត្រាំ ចង់ឱ្យសមាជិក NATO បង្កើនការចំណាយលើយោធាឱ្យដល់ ៥ភាគរយនៃ GDP
ប្រភព៖ AFP
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យបណ្តាប្រទេស ដែលជាសសមាជិករបស់អង្គការ NATO បង្កើនការចំណាយបន្ថែមទៀតទៅលើវិស័យយោធា ឱ្យដល់៥ភាគរយនៃ GDP របស់ពួកគេ។
បក្សសម្ព័ន្ធយោធាលោកខាងលិច
ដែលមានសមាជិកសរុប៣២ប្រទេសមួយនេះ បានកំណត់កាលពីឆ្នាំ២០២៣ នូវកម្រិតអប្បបរមា
សម្រាប់ការចំណាយលើវិស័យការពារជាតិ គឺ២ភាគរយនៃ GDP ក៏ប៉ុន្តែសង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន
បានញ៉ាំងឱ្យ NATO ពិចារណាពង្រឹងការការពារនៅផ្នែកភាគខាងកើតរបស់ខ្លួន
ហើយបង្កើនការចំណាយបន្ថែម។
លោក ត្រាំ
បានលើកឡើងថា សមាជិក NATO ទាំងអស់ សុទ្ធតែមានលទ្ធភាព
ដូច្នេះពួកគេគួរតែចំណាយឱ្យដល់ខ្ទង់ ៥ភាគរយ នៃ GDP មិនមែនត្រឹម២ភាគរយទេ
ហើយលោកបានបន្តថា រហូតមកទល់ពេលនេះ អឺរ៉ុបចំណាយលុយត្រឹមតែមួយចម្រៀកតូចប៉ុណ្ណោះ
បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក។
លោក ដូណាល់
ត្រាំ បានប្រកាន់ជំហរមិនសូវគាំទ្រ NATO នោះឡើយ
ដែលជាសសរគ្រឹះនៃសន្តិសុខនៅអឺរ៉ុប ចាប់តាំងពីក្រោយសម័យសង្រ្គាមលោកលើកទី២
ហើយកាលពីចុងឆ្នាំមុន រូបលោកបានគំរាមសាជាថ្មីថា នឹងដកអាមេរិកចេញពី NATO ប្រសិនបើបណ្តាសមាជិក មិនព្រមបង្កើន ការចំណាយបន្ថែមលើវិស័យការពារជាតិ។
សូមជម្រាបថា លោក
Mark Rutte ដែលជាប្រមុខ NATO ផ្ទាល់ ក៏បានអំពាវនាវកាលពីខែមុន ឱ្យសមាជិកគិតគូរបង្កើនការចំណាយលើសពី
២ភាគរយនៃ GDP ផងដែរ៕
Post a Comment