ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ម្តាយក្មេកឯកឧត្តម ហួត ហាក់

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជា ម្តាយក្មេកឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាម្តាយរបស់លោកស្រី សុង ធីតា ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ដំណឹងដ៏សែនក្រៀមក្រំរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងសូមសម្តែងនូវសេចក្តីសោកសង្រេង អាឡោះអាល័យជាទីបំផុតជាមួយឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានបូជាកម្លាំងកាយ ប្រាជ្ញាស្មារតី បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងមាតុភូមិ មិនខ្លាចនឿយហត់នាពេលកន្លងមក៕








 

Powered by Blogger.