សម្តេចតេជោ ៖ គួរប្តូរពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ មក “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍”
ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គួរតែប្តូរពាក្យពីក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវមកថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” វិញល្អជាង ព្រោះប្រវត្តិសាស្រ្តរបស់កម្ពុជា បានជួបប្រទះហើយ ដោយសារអ្នកដឹកនាំវ័យចាស់ៗ កាលពីអតីតនាំក្មេងៗ ឲ្យវង្វេងផ្លូវទម្រាំតែសុខ សន្តិភាពឃើញដូចសព្វថ្ងៃ។
ក្នុងឱកាសអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃ៧មករា
នាព្រឹកថ្ងៃ៧ មករា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានលើកឡើងជាច្រើនពីបទពិសោធន៍
ដែលកម្ពុជាបានជួបប្រទះ នូវបញ្ហាសង្គ្រាមកើតឡើង នៅក្នុងប្រទេសរហូតដល់សម្តេច
បានដឹកនាំប្រទេសមានសន្តិភាពដល់បច្ចុប្បន្ន ដែលគ្រប់គ្នាបានឃើញ ហើយមិនចង់វិលទៅរកសង្គ្រាមរ៉ាំរៃទៀតទេ
។ ក្នុងនោះសម្តេចតេជោបានសង្កត់ធ្ងន់ទៅលើនាំជំនាន់ថ្មីគឺសម្តេចធិបតី ហ៊ុន ម៉ាណែត
ក្នុងឆ្នាំ២០២៤កន្លងមកថ្មីនេះ បានដឹកនាំប្រទេសមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស
ដោយមានប្រសិទ្ធភាពលឿន ជាងអ្នកជំនាន់មុន ។ ចំណុចនេះ សម្តេចតេជោអះអាងថា
អ្នកជំនាន់មុនមានវ័យជាង៧០ឆ្នាំ ដូច្នេះការអនុវត្តល្បឿន
មិនបានលឿនរហ័សដូចអ្នកវ័យក្មេងទេ ។
សម្តេចតេជោមានប្រសាសន៍ថា “ថ្ងៃមុនខ្ញុំធ្លាប់បាននិយាយថា
ពាក្យចាស់បានប្រើថា ក្មេងមានកម្លាំង តែចាស់ស្គាល់ផ្លូវ ។ត្រង់ចំណុចនេះ
ខ្ញុំបានលើកឡើងថា មិនគួរនិយាយតទៅទៀតទេនូវពាក្យនេះ យើងគួរតែនិយាយថា ក្មេងមានកម្លាំង
និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍ ។ នេះប្រហែលជាត្រឹមត្រូវជាង ព្រោះប្រវត្តិសាស្រ្តក៏បានបញ្ជាក់រួចស្រេចទៅហើយ
មនុស្សចាស់មួយចំនួនបាននាំក្មេងៗវង្វេងផ្លូវ រាប់ទាំងប្រទេសកម្ពុជារបស់យើង
តើអ្នកណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះនៅឆ្នាំ១៩៧០
គឺជាអ្នកចាស់នោះឯងដែលនាំក្មេងវង្វេងផ្លូវ” ។
សម្តេចតេជោបន្តថា
ប៉ុន្តែចាប់ពីឆ្នាំ១៩៧៩មក មន្រ្តីរបស់កម្ពុជា មិនមានវ័យចាស់ទៀតនោះទេ
ដោយពេលនោះទាំងសម្តេចផ្ទាល់វ័យជាង៣០ឆ្នាំ ហើយសម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន
ទើបតែមានវ័យជាង ៤០ឆ្នាំប៉ុណ្ណោះបានដឹកនាំប្រទេសរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ ។
សម្តេចបន្តទៀតថា
អ្នកដឹកនាំជំនាន់ ដូចជាសម្តេចផ្ទាល់បានរកសុខសន្តិភាព ជូនពលរដ្ឋរស់នៅ មានសេចក្តីសុខ
ប៉ុន្តែសម្រាប់អ្នកជំនាន់ក្រោយនេះ គឺមានតួនាទីថែរក្សាសន្តិភាព ដែលអ្នកជំនាន់ចាស់
បានខិតខំរកដោយលំបាក៕
Post a Comment