សមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យបាញ់សម្លាប់ អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឱ្យសមត្ថកិច្ចថៃវិញ
ភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ឱ្យដឹងថាសមត្ថកិច្ចកម្ពុជានឹងបញ្ជូនជនសង្ស័យបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅ ឱ្យសមត្ថកិច្ចថៃវិញតាមសំណូមពររបស់នគរបាលភូមិន្ទថៃស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៨
ខែមករា ឆ្នាំ២០២៥នេះបានបញ្ជាក់អំពីករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម
គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង
ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧
ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរ៉ន និវេទវិហារ ខណ្ឌព្រះនគរ
ទីក្រុងបាងកក ប្រទេសថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងបន្ថែមថា
បន្ទាប់ពីហេតុការណ៍កើតឡើងសមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ
ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ
កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ
ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើកម្មភាព
ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក
ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។
ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ
និងព័ត៌មានដែលបានផ្ដល់ដោយនគរបាលភូមិន្ទថៃសមត្ថកិច្ចនគរបាលជាតិ កម្ពុជាបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥
វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ
និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី
ខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យរូបនេះបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ដើម្បីបន្តនីតិវិធី។ ជនសង្ស័យរូបនេះនឹងត្រូវបញ្ចូនទៅប្រទេសថៃវិញ
តាមសំណូមពររបស់នគរបាលភូមិន្ទថៃស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី៕
Post a Comment