អ៊ីស្រាអែល និងក្រុមហាម៉ាសនៅតែមិនត្រូវគ្នា ជុំវិញកិច្ចចរចាបទឈប់បាញ់

 ប្រភព៖ Reuters

គែរ៖ អ៊ីស្រាអែល និងក្រុមហាម៉ាស មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា ដែលរួមមានទាំងការបញ្ជូនចំណាប់ខ្មាំងអ៊ីស្រាអែលឱ្យត្រឡប់ទៅផ្ទះវិញ ខណៈក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែខ្លាំង បានសម្លាប់មនុស្សជាង ១០០នាក់។

មន្ត្រីហាម៉ាស់និយាយថា ក្រុមរបស់ខ្លួនបានអនុម័តលើបញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៤នាក់ដែលត្រូវប្រគល់មកវិញ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលអាចនាំទៅរកបទឈប់បាញ់ ហើយនៅយប់ថ្ងៃអាទិត្យ មន្ត្រីហាម៉ាស់ក៏បានផ្តល់ច្បាប់ចម្លងនៃបញ្ជីឈ្មោះនោះមកឱ្យ Reuters ដែរ។ ប៉ុន្តែការិយាល័យនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហាម៉ាស មិនបានផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំង មកឱ្យអ៉ីស្រាអែលនោះទេ។

ក្រុមគ្រូពេទ្យបាននិយាយថា កាលពីចុងសប្តាហ៍នេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៥នាក់។ រីឯយោធាអ៊ីស្រាអែលនិយាយថា បានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាច្រើននាក់។

កិច្ចខិតខំប្រឹងប្រែងជាថ្មីកំពុងដំណើរការ ដើម្បីឈានដល់បទឈប់បាញ់មួយ ក្នុងសង្គ្រាមរយៈពេល ១៥ខែរវាងអ៉ីស្រាអែល-ហាម៉ាស់ និងការប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលសល់ក្នុងតំបន់ហ្កាហ្សា មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

អ៊ីស្រាអែលទទួលស្គាល់ថា កិច្ចចរចាស្ដីពីចំណាប់ខ្មាំងហ្កាហ្សា បានចាប់ផ្ដើមឡើងវិញ នៅប្រទេសកាតា តែភាគីទាំងសងខាងនៅតែខ្វែងគំនិតគ្នា ជុំវិញចំនួនចំណាប់ខ្មាំងត្រូវដោះលែង ហើយម្យ៉ាងអ៊ីស្រាអែលធ្លាប់បាន អះអាងថាខ្លួនមានគោលដៅកម្ទេចក្រុមហាម៉ាស ហើយមិនទទួលយកបទឈប់បាញ់ពេញលេញមួយនោះទេ៕



 

Powered by Blogger.