តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol
ប្រភព៖ Reuters
សេអ៊ូល៖ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ បានអនុម័តលើការចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានសភាបោះឆ្នោតដកតំណែង និងត្រូវបានព្យួរតំណែង ជុំវិញការសម្រេចចិត្តរបស់លោកក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។
លោក Yoon ត្រូវបានព្យួរពីតំណែងប្រធានាធិបតី
បន្ទាប់ពីត្រូវបានសភាបោះឆ្នោតដកតំណែងកាលពីដើមខែធ្នូនេះ
ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹក។ ជោគវាសនា របស់លោក Yoon កំពុងស្ថិតនៅក្នុងដៃតុលាការធម្មនុញ្ញកូរ៉េខាងត្បូង
ដែលនឹងសម្រេចថាតើត្រូវរក្សា ឬក៏ទម្លាក់រូបលោកចេញពីអំណាច។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់
បានទទួលស្គាល់ថាតុលាការក្នុងទីក្រុងសេអ៊ូល បានអនុម័តលើដីកាចាប់ខ្លួនលោក Yoon ហើយដែលនេះគឺជាលើកដំបូងបំផុត
ដែលតុលាការចេញដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់កំពុងកាន់អំណាច។
តែខាងតុលាការមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។
ក្រុមអ្នកស៊ើបអង្កេតដែលកំពុងស៊ើបអង្កេតលើលោក
Yoon ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក
បានឱ្យដឹងកាលពីថ្ងៃទី៣០
ខែធ្នូថាពួកគេបានស្នើសុំដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែងរូបនេះ
បន្ទាប់ពី រូបលោកមិនបានបង្ហាញខ្លួន ក្នុងការសួរចម្លើយតាមការកោះហៅ។
លោក Yoon មិនបានបង្ហាញខ្លួនក្នុងការសួរចម្លើយ
តាមការកោះហោះចំនួន៣លើក របស់ប៉ូលិស
និងការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ ដែលកំពុងសហការគ្នា
លើការស៊ើបអង្កេតថាតើការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon
គឺជាទង្វើបះបោរឬក៏យ៉ាងណា?
Post a Comment