ត្រីដែលមានតម្លៃថ្លៃ១ក្បាលត្រូវបានអ្នកនេសាទចាប់បាននៅខេត្តស្ទឹងត្រែង !

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ត្រីប៉ាវ៉ាមុខ២ ត្រូវបានគេចាត់ទុកជាត្រីងាយរងគ្រោះ និងជិតផុតពូជ ហើយត្រូវបានអ្នកនេសាទនៅខេត្តស្ទឹងត្រែងចាប់បានកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះ ដែលមានទម្ងន់៦គីឡូ ហើយអាចលក់បានក្នុងតម្លៃជាង១លានរៀល ។

ត្រី១ក្បាលនេះមានឈ្មោះថា ត្រីប៉ាវ៉ាមុខ២ ត្រូវគេចាត់ទុកក្នុងលំដាប់ប្រភេទត្រីលេខ២ បន្ទាប់ពីត្រីប៉ាសេអ៉ី ។ ចំពោះត្រីទាំងពីរប្រភេទនេះ(ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខ២) មានតម្លៃខ្ពស់ ដែលប្រជាពលរដ្ឋសាមញ្ញមិនងាយនឹងមានលទ្ធភាពទិញមកបរិភោគនោះឡើយ ។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៩ធ្នូនេះថា៖ត្រីប៉ាវ៉ាមុខ២ មានតម្លៃចាប់ពី១៦ម៉ឺនទៅ២២ម៉ឺនរៀល ក្នុង១គីឡូទៅតាមទំហំត្រី បើត្រីកាន់តែធំកាន់តែថ្លៃ ។ ហើយត្រី១ប្រភេទនេះ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែង (VU) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ។

នាយខណ្ឌបានបន្ថែមថា៖ប្រជានេសាទអាចនេសាទ និងលក់ដូរប្រភេទត្រីនេះបាន លើកលែងតែនេសាទដោយប្រើឧបករណ៍ខុសច្បាប់ទើបបានមានការហាមឃាត់ តែបើប្រើឧបករណ៍នេសាទដោយស្របច្បាប់វិញនោះ មានដូចជា៖ មង សំណាញ់ និងលបផងដែរ ។ហើយមង និងសំណាញ់ភាគច្រើនមានក្រឡាពី១០ទៅ១៤ស.ម នេសាទតាមតំបន់ទឹកហូរ និងទឹកជួរ។

 លោក ស្រី សមវិចិត្រ បានបន្តទៀតថា៖ក្នុងនាមខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សុំសំណូមពរដល់ប្រជានេសាទដូចខាងក្រោមនេះ៖ ទី១.សូមដាច់ខាតកុំនេសាទដោយប្រើឧបករណ៍ហាមឃាត់ ឬខុសច្បាប់ក្នុងរដូវហាមឃាត់នេសាទ ។ ទី២.កុំនេសាទដោយប្រឧបករណ៍ស្បៃមុងនៅរដូវត្រីពងកូន ។ទី៣.សូមកុំចាប់ត្រីមេពូជនៅកន្លែងអភិរក្ស ឬកន្លែងហាមឃាត់ ។ទី៤.សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ គ្រាប់បែក ស្បៃមុង និងទី៥ សូមប្រជានេសាទទាំងអស់មានឆន្ទៈ និងបំផុសចលនាលែងនូវត្រីមេពូជគ្រប់ប្រភេទចូលទៅក្នុងដែននេសាទវិញ ៕






Powered by Blogger.